ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឆាំងនឹងចិន

បរទេស៖ យោធាអាមេរិកគ្រោងនឹងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ដោយរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រកាសពីការដាក់ពង្រាយកងទ័ព និងយានជំនិះថ្មី ខណៈពេលដែលចោទប្រកាន់ប្រទេសចិនថា បានធ្វើឱ្យខូចដល់ “សន្តិភាព និងស្ថិរភាព” នៅក្នុងតំបន់។ គម្រោងពង្រីកវត្តមានយោធានេះកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានបរិហារទីក្រុងវ៉ាស៊ីនតោនចំពោះការលើកកម្ពស់ “ការរីកសាយភាយនុយក្លេអ៊ែរ” ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយទីក្រុងកង់បេរ៉ាកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាង លោក Austin និងសមភាគីអូស្ត្រាលីកាលពីថ្ងៃអង្គារ ប្រទេសទាំងពីរបានយល់ព្រមដាក់កងទ័ពអាមេរិកបន្ថែមនៅលើទ្វីបដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងពង្រឹងកងកម្លាំងដីគោក សមុទ្រ និងផ្លូវអាកាស ដើម្បីទប់ទល់នឹងទីក្រុងប៉េកាំង។

ប្រមុខយោធាអាមេរិកបានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីការដាក់ពង្រាយថ្មី ប៉ុន្តែបាននិយាយថា មន្ទីរបញ្ចកោណនឹង “ពង្រីកទីតាំង” សម្រាប់កងទ័ពសហរដ្ឋអាមេរិក និងកងម៉ារីនក្នុងប្រទេសអូស្ត្រាលី ដើម្បី “ពង្រឹងវត្តមានទ័ពជើងគោករបស់សហរដ្ឋអាមេរិក”។ លោកក៏បានអំពាវនាវឱ្យមាន “ការបញ្ជូនយន្តហោះអាមេរិកឱ្យកាន់តែមានការឆ្លើយតប និងធន់ជាងមុន” រួមទាំងយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងផងដែរ៕

To Top