ព័ត៌មានអន្តរជាតិ

បារំាង និងអ៊ីស្រាអ៊ែល រួមគ្នាធ្វើសមយុទ្ធដែនអាកាស នៅសមុទ្រមេឌីទែរ៉ាណេ

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ចប់សមយុទ្ធលើអាកាសរួមគ្នាជាមួយកងកម្លាំងអាកាស និងអវកាសបារាំង ហៅកាត់ (FASF) និងកងទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ាណេ ។


យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសមយុទ្ធដែលគេហៅថា Eastern Breeze នាវាផ្ទុកយន្តហោះ Charles de Gaulle របស់ប្រទេសបារាំង ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកបារាំងបានមកដល់សមុទ្រមេឌីទែរ៉ាណេ ដោយដឹកយន្តហោះ Rafale បារាំងចំនួន៤គ្រឿង ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមអាកាសយានិកអ៊ីស្រាអ៊ែល និងបារាំង បានហោះហើរពីស្លាបទៅស្លាប ខណៈកំពុងអនុវត្តការវាយប្រហាររួមគ្នា និងទប់ទល់នឹងការគម្រាមកំហែងពីលើអាកាស ក្នុងកិច្ចខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង និងអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមក ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សមយុទ្ធនេះគឺជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយ” នៅក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងកងទ័ពអាកាសអ៊ីស្រាអ៊ែល និង FASF ដើម្បីកែលម្អការត្រៀមខ្លួនរបស់ពួកគេ ។

សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធអន្តរជាតិ​ ជាច្រើនដែលយោធាអ៊ីស្រាអ៊ែល បានធ្វើជាផ្នែកមួយនៃកម្មវិធីហ្វឹកហ្វឺនដែលបានគ្រោងទុក នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាក់ដូច្នេះ ។

គួរបញ្ជាក់ថា សមយុទ្ធនេះបានកើតឡើង១សប្តាហ៍​ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធទ្រង់ទ្រាយ ធំដែលក្លែងធ្វើការវាយប្រហារសំដៅលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top