ព័ត៌មានអន្តរជាតិ

យូអិន៖ ទណ្ឌកម្មរបស់អាមេរិក លើស៊ីរី មិនគួររារាំងដល់ជំនួយ មនុស្សធម៌នោះទេ

យូអិន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បានឲ្យដឹងនៅទីនេះកាលពីថ្ងៃពុធថា ទណ្ឌកម្មរបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក លើប្រទេសស៊ីរី មិនគួររារាំងជំនួយមនុស្សធម៌នោះទេ។

ដោយសង្កត់ធ្ងន់ទៅលើជនជាតិស៊ីរី ៩0ភាគរយរស់នៅក្នុងភាពក្រីក្រ លោក Pedersen បានប្រាប់អ្នកយកព័ត៌មានថា លោកបានទាមទារម្តងទៀតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយថ្ងៃមុននេះថា ទណ្ឌកម្មដែលបានដាក់លើប្រទេសស៊ីរី មិនគួរប៉ះពាល់ដល់ជំនួយមនុស្សធម៌នោះទេ។

លោកបានបន្ដថា “មិនមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងស៊ីរីនោះទេ ប៉ុន្ដែមានទណ្ឌកម្មរបស់អាមេរិក និងសហភាពអឺរ៉ុប ហើយជាការពិតណាស់ ទាំងអស់នេះគឺជាប្រធានបទដែលយើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលស៊ីរី និងជាមួយប្រទេសដទៃទៀត” ។

លោក Pederson ដែលបានធ្វើការកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បានជំរុញឱ្យភាគីទាំងអស់នៅក្នុងប្រទេសស៊ីរីបន្ថយភាពតានតឹង ជាពិសេសនៅភាគខាងជើងចំពេលមានភាពតានតឹងកើនឡើងជាមួយតួកគី។

លោកបានបន្ថែមថា “ស៊ីរីមិនត្រូវការសង្រ្គាមទៀតនោះទេ ខ្លួនត្រូវការសន្តិភាព ហើយវាត្រូវការដំណើរការនយោបាយ” ដោយបន្ថែមថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី គឺមិនអាចទទួលយកបាននោះទេ នៅពេលដែល “មនុស្សជិត ១៥លាននាក់ត្រូវការជំនួយមនុស្សធម៌”៕ប្រែសម្រួល ឈូក បូរ៉ា

To Top