ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលរុស្ស៊ី ច្រានចោលទិន្នន័យដែលថា ប្រទេសរុស្ស៊ីនាំមុខគេ ក្នុងការឆ្លងមេរោគអេដស៍ថ្មី នៅទូទាំងពិភពលោក

បរទេស៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលចំពោះទិន្នន័យ ដែលបានរាយការណ៍យ៉ាងទូលំទូលាយ ដែលបានដាក់ប្រទេសនេះថា ជាប្រទេសនាំមុខគេក្នុងការ ឆ្លងមេរោគអេដស៍ថ្មី នៅទូទាំងពិភពលោក ដោយរុស្ស៊ីថា របាយការណ៍នេះ គឺជា “ការឃោសនាបង្កហេតុ” ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាទិន្នន័យ Statista បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយដកស្រង់ពីកម្មវិធីរួម របស់អង្គការសហប្រជាជាតិ ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC)ថា ប្រទេសរុស្ស៊ីមានចំនួន ៣,៩ភាគរយ ដែលជាចំណែកខ្ពស់បំផុតទី៥ របស់ពិភពលោក ក្នុងចំណោមករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ១,៥ លានដែលត្រូវបានរាយការណ៍ ជុំវិញពិភពលោកក្នុងឆ្នាំ ២០២១ ។

ក្រសួងសុខាភិបាលរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តួលេខគួរឲ្យព្រួយបារម្ភគឺជា «ការញុះញង់របស់ អ្នកឃោសនាផ្សេងទៀត ដែលមានទិសដៅប្រឆាំងនឹង ប្រទេសរបស់យើង»។ ក្រសួងបានសរសើរការពង្រីកការ គ្របដណ្តប់លើការធ្វើតេស្ត រកមេរោគអេដស៍របស់រុស្ស៊ីថា ជា “កម្រិតខ្ពស់បំផុតមួយរបស់ពិភពលោក” ដែល “អនុញ្ញាតឱ្យយើងទទួលបានទិន្នន័យ ដែលមានគោលបំណងច្រើនបំផុត” ។

ក្រសួងបាននិយាយទៀតថា “ទោះបីជាទទួលបានជោគជ័យ ជាក់ស្តែងនៃឱសថរុស្ស៊ីក៏ដោយ ក៏យើងសង្កេតឃើញកាន់តែខ្លាំងឡើង នូវការប៉ុនប៉ងក្លែងបន្លំទិន្នន័យ ស្ថិតិស្តីពីស្ថានភាពមេរោគអេដស៍ នៅក្នុងប្រទេសរបស់យើង” ។ ដោយហៅទិន្នន័យរបស់ UNAIDS និង ECDC ថា “បកស្រាយតាមអំពើចិត្ត និងទំនោរ” នោះ ក្រសួងសុខាភិបាលរុស្ស៊ីបានអះអាងថា ការឆ្លងមេរោគអេដស៍សរុប របស់រុស្ស៊ីបានថយចុះជាង ៣០ភាគរយ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។

ក្រសួងបានបន្ថែមថា ប្រទេសរុស្ស៊ីមានប្រជាជនច្រើនជាង ៨៥០,០០០នាក់ បច្ចុប្បន្នកំពុងផ្ទុកមេរោគអេដស៍ ឬតិចជាង ០,៦% នៃចំនួនប្រជាជន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top