ព័ត៌មានអន្តរជាតិ

តេហរ៉ង់៖ គ្មានភស្តុតាងបញ្ជាក់ថា រុស្ស៊ីប្រើប្រាស់ដ្រូន របស់អ៊ីរ៉ង់ឡើយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីរ៉ង់លោក Mohammad Reza Ashtiani កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការលើកឡើងថាមកដល់ពេលនេះ ក្រុមមន្ត្រីរបស់អ៊ុយក្រែនបានបរាជ័យ ក្នុងការផ្តល់ភស្តុតាងនានាដែលអាច បញ្ជាក់ថា រុស្សីពិតជាបានប្រើប្រាស់ដ្រូន របស់អ៊ីរ៉ង់នៅក្នុងការប្រយុទ្ធ ក្នុងទឹកដីអ៊ុយក្រែននាពេលកន្លងមក។

សេចក្តីថ្លែងការណ៍របស់ លោករដ្ឋមន្ត្រីរូបនេះត្រូវបានធ្វើឡើង នៅក្រោយពេលនៃកិច្ចប្រជុំរវាងអ្នកជំនាញ របស់ភាគីខាងអ៊ុយក្រែន និងភាគីអ្នកជំនាញរបស់អ៊ឺរ៉ង់រួចមក។

លោក Ashtiani បានគូសបញ្ជាក់បែបនេះថា៖ ភាគីខាងអ៊ុយក្រែន មិនអាចផ្តល់ភស្តុតាងណា ដែលអាចបញ្ជាក់ថា រុស្សីបានប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់ នោះទេនៅក្នុងកិច្ចប្រជុំ បច្ចេកទេសលើកនេះ។

គួរឲ្យដឹងដែរថាមិនត្រឹមតែអ៊ុយក្រែននោះទេ ដែលបានចោទប្រកាន់រុស្សីថា បានប្រើប្រាស់ដ្រូនប្រយុទ្ធរបស់អ៊ីរ៉ង់ ក្នុងនោះសូម្បីតែអាមេរិក និងបណ្តាប្រទេសលោក ខាងលិចមួយចំនួនក៏បានលើកឡើង ដូចគ្នានឹងអ៊ុយក្រែនដែរប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងតេហរ៉ង់ នៅតែបដិសេធមិនទទួលស្គាល់ឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top