ព្រុចសែល ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិក សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានព្រមព្រៀងគ្នា លើការដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពូលៗ ជុំវិញការប្រព្រឹត្តចំពោះការតវ៉ា នាពេលថ្មីៗនេះរបស់អ៊ីរ៉ង់។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប រដ្ឋមន្ត្រីក៏បានដាក់ទណ្ឌកម្មលើបុគ្គល ដែលពួកគេជឿថា មានទំនាក់ទំនងនឹងការផ្គត់ផ្គង់ ដល់ប្រទេសរុស្ស៊ីនូវយន្តហោះដ្រូន ដើម្បីប្រើប្រាស់ ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន។
ក្រុមប្រឹក្សាបានបន្ថែមបុគ្គលចំនួន ២០ និងអង្គភាពមួយ ទៅក្នុងបញ្ជីនៃអ្នក ដែលទទួលរងនូវវិធានការរឹតត្បិតក្នុងបរិបទនៃរបបទណ្ឌកម្មសិទ្ធិមនុស្សអ៊ីរ៉ង់ ដែលមានស្រាប់ នេះនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមប្រឹក្សាក៏បានបន្ថែមបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន៤ ទៅក្នុងបញ្ជីនៃអ្នកដែលទទួលរងនូវវិធានការរឹតត្បិតសម្រាប់ “បំផ្លាញ ឬគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន”។
វិធានការរឹតត្បិតរួមមានការបង្កកទ្រព្យសកម្ម ការហាមឃាត់ការធ្វើដំណើរ ទៅកាន់សហភាពអឺរ៉ុប និងការហាមឃាត់ ដើម្បីធ្វើឱ្យមូលនិធិ ឬធនធានសេដ្ឋកិច្ចអាចរកបាន សម្រាប់អ្នក ដែលបានរាយក្នុងបញ្ជីទណ្ឌកម្ម ៕