ព័ត៌មានអន្តរជាតិ

IAEA នឹងបញ្ជូនបេសកកម្ម បច្ចេកទេសអចិន្ត្រៃយ៍ទៅកាន់ រោងចក្រនុយក្លេអ៊ែរទាំងអស់ នៅអ៊ុយក្រែន

គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប្រកាសថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងបញ្ជូនបេសកកម្មបច្ចេកទេស អចិន្រ្តៃយ៍ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ (NNP) ទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram បន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយអគ្គនាយក IAEA លោក Rafael Grossi នៅទីក្រុងប៉ារីស ប្រទេសបារាំងថា “អ្នកជំនាញឯករាជ្យរបស់អង្គការ នឹងធ្វើការនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia, Rivne, Khmelnytskyi, Pivdennoukrainsk និង Chernobyl NPPs” នៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងមតិលើកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា វាមិនអាចទៅរួចនោះទេក្នុងការ ឆ្ពោះទៅរកសន្តិភាពដោយមិន គិតពីការពិតថ្មីនៅអ៊ុយក្រែន ដែលរុស្ស៊ីទទួលបានទឹកដីថ្មី ជាលទ្ធផលនៃប្រជាមតិ។

លោកបានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃកាលពីថ្ងៃអង្គារថា វាក៏មិនអាចទៅរួចទេក្នុងការដកកងទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែនមុនដំណាច់ឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងនោះដែរ គណៈកម្មាធិការជាតិប្រឆាំងភេរវនិយម របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា “អ្នកជាតិនិយមអ៊ុយក្រែនជាង ៤០០នាក់ និងអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម” ត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យ ខណៈពេលដែលព្យាយាមឆ្លងកាត់ព្រំដែន រដ្ឋរុស្ស៊ីចាប់តាំងពីដើមឆ្នាំនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top