ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា អ៊ុយក្រែន មិនបានបង្ហាញភស្តុតាងជាក់លាក់ សម្រាប់ការប្រើប្រាស់ យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដោយរុស្ស៊ីនោះទេ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani បានឲ្យដឹងថា អ៊ុយក្រែន មិនបានបង្ហាញភស្តុតាង ណាមួយសម្រាប់ការអះអាងរបស់ខ្លួន ដែលថារុស្ស៊ី បានប្រើប្រាស់យន្តហោះដ្រូនយោធាអ៊ីរ៉ង់ នៅក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។

ថ្មីៗនេះ អ្នកជំនាញមកពីប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីការចោទ ប្រកាន់នេះ លោក Ashtiani បានលើកឡើងថា នៅក្នុងកិច្ចប្រជុំបច្ចេកទេស ភាគីអ៊ុយក្រែន មិនបានបង្ហាញឯកសារណាមួយ អំពីការដាក់ពង្រាយ យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ក្នុងសង្គ្រាមជាមួយប្រទេស របស់ពួកគេនោះទេ ។

លោក បានច្រានចោលការចោទ ប្រកាន់របស់លោកខាងលិច ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរឿងនេះថាជា “ពាក្យចចាមអារ៉ាមផ្អែកលើការអះអាង ដែលគ្មានមូលដ្ឋាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Ashtiani បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការយោធារបស់អ៊ីរ៉ង់ និងរុស្ស៊ីដើរថយក្រោយយ៉ាងយូរ និងលើសពីគោលបំណងជាក់លាក់មួយ ។

ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចបានចោទប្រកាន់អ៊ីរ៉ង់ថា បាននាំចេញយន្តហោះដ្រូន អត្តឃាតទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដែលអ៊ីរ៉ង់បានច្រានចោលម្តង ហើយម្តងទៀតថា ជាការចោទប្រកាន់ “គ្មានមូលដ្ឋាន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top