ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស្ស សម្ព័ន្ធមិត្តជិតស្និតរបស់រុស្ស៊ី បញ្ជាឱ្យយោធាធ្វើសមយុទ្ធ

បរទេស៖ ក្រសួងការពារជាតិបេឡារុស្សបានប្រកាសអំពីការត្រួតពិនិត្យការត្រៀមខ្លួនប្រយុទ្ធភ្លាមៗនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ សារនៅលើបណ្តាញ Telegram កាលពីថ្ងៃអង្គារបាននិយាយថា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបញ្ជាឱ្យធ្វើសមយុទ្ធនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បេឡារុស្ស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី មានព្រំដែនជាប់អ៊ុយក្រែន និងជាមួយប្រទេសសមាជិកណាតូ ប៉ូឡូញ ឡាតវី និងលីទុយអានី។

សារនៅលើ Telegram ដដែលបានកត់សម្គាល់ថា សមយុទ្ធ “នឹងមានលក្ខណៈថាមវ័ន្ត” ដោយពន្យល់ថា “កងកម្លាំងប្រដាប់អាវុធនឹងត្រូវផ្លាស់ទីទៅតំបន់ដែលបានកំណត់ក្នុងរយៈពេលដ៏ខ្លីបំផុត” ។ បុគ្គលិកយោធាក៏នឹងត្រូវបង្កើតទីតាំងប្រយុទ្ធនៅទីនោះ “រៀបចំសន្តិសុខ និងការពារ” និងសាងសង់ផ្លូវឆ្លងកាត់ទន្លេ Neman និងទន្លេ Berezina។

យោធាក៏បានព្រមានផងដែរថា ចរាចរណ៍នឹងត្រូវផ្អាកជាបណ្តោះអាសន្ន នៅក្នុងតំបន់មួយចំនួន ដោយសារតែចលនាបញ្ជូណរបស់ផ្នែករឹង និងកងទ័ពនៅតាមដងផ្លូវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top