ព័ត៌មានអន្តរជាតិ

តួកគី ស្នើសុំជំនួយពីរុស្ស៊ី សម្រាប់ការលុកលុយថ្មើរជើង នៅភាគខាងជើងប្រទេសស៊ីរី

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា លោកបានស្នើសុំជំនួយពីរុស្ស៊ី ជាមួយនឹងការលុកលុយថ្មើរជើង នៅភាគខាងជើងនៃប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកបានឲ្យដឹងថា ទីក្រុងអង់ការ៉ា បានស្នើសុំការគាំទ្រពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការ “ធ្វើការសម្រេចចិត្តទៅវិញទៅមក និងប្រហែលជាធ្វើសកម្មភាព ដើម្បីចាត់វិធានការជាមួយគ្នា” នៅភាគខាងជើងប្រទេសស៊ីរី។

រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទីក្រុង ដាម៉ាស់ ក៏មានទំនាក់ទំនងមិត្តភាពជាមួយទីក្រុងអង់ការ៉ា និងបានជំរុញរួចហើយឲ្យលោក Erdogan កុំឱ្យឈ្លានពានប្រទេសស៊ីរី។

ប្រទេសតួកគីបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីលើភាគឦសានកាលពីខែមុន បន្ទាប់ពីបានស្តីបន្ទោសគណបក្សពលករឃឺដ (PKK) ចំពោះការទម្លាក់គ្រាប់បែកនៅអ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្ស ៦នាក់ រួមទាំងកុមារពីរនាក់ផងដែរ។

ក្រុង​អង់ការ៉ា​អះអាង​ថា SDF គឺ​ជា​ពន្លក​ស៊ីរី​របស់ PKK និង​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​តួកគី ខណៈដែល SDF បដិសេធការចោទប្រកាន់ខាងលើនេះ។

កាលពីថ្ងៃអាទិត្យ លោក Erdogan បានអំពាវនាវឱ្យលោក ពូទីន ពិភាក្សាអំពីការបង្កើត “តំបន់ការពារ” នៅភាគខាងជើង ហើយបានលើកឡើងថា វាអាចដើរតួក្នុង “ការបោសសម្អាត” ពួកសកម្មប្រយុទ្ធឃឺដ ចេញពីតំបន់នោះ ដោយបានរិះគន់ទីក្រុងម៉ូស្គូ ចំពោះការមិនប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឆ្នាំ២០១៩ ដើម្បីធ្វើដូច្នេះ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top