តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរំលឹកឡើងវិញ នូវការត្រៀមខ្លួនរបស់ទីក្រុងតេអេរ៉ង់ សម្រាប់ការសម្រេច បាននូវកិច្ចព្រមព្រៀង “ល្អ យូរអង្វែង និងរឹងមាំ” នៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសនេះនឹង មិនឆ្លងកាត់បន្ទាត់ក្រហម របស់ខ្លួនដល់ទីបញ្ចប់នោះឡើយ ។
គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអៀរឡង់ Simon Coveney ដែលក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ផងដែរ។
លោក Amir-Abdollahian បានលើកឡើងថា ទីក្រុងតេអេរ៉ង់ ប្រកាន់ខ្ជាប់ថា ការទូតគឺជា “ផ្លូវត្រឹមត្រូវ” ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា ផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ គឺជាបន្ទាត់ក្រហមដ៏សំខាន់ នៃរដ្ឋបាលរបស់ប្រធានាធិបតី លោក Ebrahim Raisi ។
ងាកទៅការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ លើបុគ្គល និងស្ថាប័នមួយចំនួនរបស់អ៊ីរ៉ង់ ដោយរដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកសហភាពអឺរ៉ុប លោក Amir-Abdollahian បានរិះគន់សកម្មភាពប្រឆាំង នឹងទីក្រុងតេអេរ៉ង់ បែបនេះថាជា “កម្មវិធីនយោបាយ” ដែលដាក់បង្ហាញក្រោមលេសនៃការការពារសិទ្ធិមនុស្ស។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការ ទប់ស្កាត់មួយចំនួនលើកម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការ ដកទណ្ឌកម្មលើប្រទេសនេះ ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ ទណ្ឌកម្មឯកតោភាគី របស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយកាត់បន្ថយការប្តេជ្ញាចិត្ត នុយក្លេអ៊ែរមួយចំនួននៅក្រោម កិច្ចព្រមព្រៀងនេះ៕