ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា សហភាពអឺរ៉ុប ហៅកាត់ថា (EU) បានសន្យាថា នឹងគៀងគរប្រាក់ចំនួន១០ពាន់លានអឺរ៉ូនៅឆ្នាំ២០២៧ ដើម្បីពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ។
នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួប សហភាពអឺរ៉ុប និងអាស៊ាន (EU-ASEAN) ដែលធ្វើឡើងនៅទីនេះកាលពីថ្ងៃពុធ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលនឹងផ្តោតលើការផ្លាស់ប្តូរបៃតង និងការតភ្ជាប់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគាំទ្រដោយគំនិតផ្តួចផ្តើមការតភ្ជាប់ប្រកបដោយនិរន្តរភាព និងក្រុម Green Team Europe Initiative ។
គណៈកម្មការអឺរ៉ុបបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនឹងផ្តោតលើថាមពល ការដឹកជញ្ជូន ឌីជីថល ការអប់រំ និងការលើកកម្ពស់ពាណិជ្ជកម្ម និងខ្សែសង្វាក់តម្លៃប្រកបដោយនិរន្តរភាព។ មូលនិធិនេះនឹងគាំទ្រដល់ការផ្លាស់ប្តូររបស់អាស៊ីអាគ្នេយ៍ទៅជាសេដ្ឋកិច្ចបៃតង លទ្ធភាពទទួលបានសេវាកម្មសំខាន់ៗ និងឱកាសសេដ្ឋកិច្ច និងការងារកាន់តែប្រសើរ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំនោះ មេដឹកនាំបានកោតសរសើរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយ សហភាពអឺរ៉ុប-អាស៊ាន ដែលជាកិច្ចព្រមព្រៀងអាកាសចរណ៍ពីតំបន់មួយទៅតំបន់ជាលើកដំបូងដែលមិនធ្លាប់មានពីមុននោះទេ ។
មេដឹកនាំអាស៊ានបានសន្យាបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រឹងមាំជាមួយសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មធំទី៣របស់អាស៊ាន និងជាអ្នកវិនិយោគធំទី២ ។ ពួកគេប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព និងការរួមបញ្ចូលគ្នា ។
ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានថ្លែងថា “ខណៈដែលយើងជាដៃគូពាណិជ្ជកម្មធំទី៣របស់គ្នាទៅវិញទៅមក វាមានត្រឹមតែ៥ភាគរយនៃពាណិជ្ជកម្មរបស់យើង ។ មានសក្តានុពលដែលមិនអាចប្រើប្រាស់បានច្រើន” ។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មេដឹកនាំក៏បានពិភាក្សាអំពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងបានអះអាងឡើងវិញនូវជំហររបស់ពួកគេលើបញ្ហានេះ រួមទាំងការជំទាស់របស់ពួកគេចំពោះការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការរងទុក្ខដែលបណ្តាលមកពីជម្លោះទៅកាន់តំបន់ជាច្រើនជុំវិញពិភពលោក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា