បរទេស៖ យោងតាមប្រភពពីក្រុមអ្នកតស៊ូក្នុងតំបន់បានឱ្យដឹងថា កងកម្លាំងនៃរបបនេះបានធ្វើទារុណកម្ម និងសម្លាប់មនុស្ស៥នាក់ រួមទាំងយុទ្ធជនទ័ពព្រៃ ២នាក់នៅក្នុងទីប្រជុំជន Ayadaw នៃតំបន់ Sagaing កាលពីចុងសប្តាហ៍មុន។
យោងតាមសារព័ត៌មាន Myanmar Now ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Ko Swe អ្នកនាំពាក្យក្រុមរដ្ឋបាលប្រជាជនប្រឆាំងរបបយោធាក្រុងបានថ្លែងថា ជនរងគ្រោះទាំង៥នាក់ ត្រូវបានចាប់ខ្លួនដោយទាហានប្រហែល ៥០ នាក់កាលពីថ្ងៃអាទិត្យមុន។
លោក Ko Swe បាននិយាយថា អ្នកស្លាប់២នាក់ដំបូងគឺជាសមាជិកនៃកម្លាំងការពារភូមិមួយដែលត្រូវបានចាប់បានព្យាយាមបំផ្ទុះនៅចន្លោះភូមិ Kyauk Sayit Kan និង Wah Yaung។
បុរសទាំងពីរនាក់ដែលគាត់បដិសេធមិនបញ្ចេញអត្តសញ្ញាណរបស់ខ្លួន គឺបានបង្ហាញសញ្ញានៃការធ្វើទារុណកម្មមុនពេលត្រូវបានគេបាញ់សម្លាប់។
លោក Ko Swe បានប្រាប់ Myanmar Nowថា «យើងបានរកឃើញសាកសពរបស់ពួកគេបន្ទាប់ពីពួកគេត្រូវបានទាហានទុកចោល។ វាហាក់ដូចជាពួកគេត្រូវបានគេធ្វើទារុណកម្មមុនពេលត្រូវបានសម្លាប់។ សាកសពរបស់ពួកគេត្រូវបានកាប់ដោយកាំបិត ហើយបន្ទាប់មកពួកគេត្រូវបានគេបាញ់ចំក្បាល»។
បន្ទាប់ពីទៅដល់ភូមិ Wah Yaung ទាហានបានដុតខ្ទមជាច្រើន និងចាប់ពង្រត់បុរសបីនាក់ទៀត ដែលពួកគេបានចាប់ធ្វើជាចំណាប់ខ្មាំង មុនពេលចាកចេញទៅកាន់ភូមិ Kyauk Pyauk ដែលជាភូមិដែលគេស្គាល់ថាជាបន្ទាយរឹងមាំនៃកងជីវពល Pyu Saw Htee ដែលគាំទ្រដោយយោធា, នេះបើយោងតាមលោក Ko Swe ។
គាត់បាននិយាយថាសាកសពរបស់ពួកគេត្រូវបានគេរកឃើញនៅជិតភូមិពីរថ្ងៃក្រោយមក៕
ប្រែសម្រួលៈ ណៃ តុលា