ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការអន្តរាគមន៍ ​របស់អាមេរិក ក្នុងសិទ្ធិស្ត្រីអ៊ីរ៉ង់ថា ជាការលាក់ពុត

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយ “អន្តរាគមនិយម” របស់សហរដ្ឋអាមេរិក ទាក់ទងនឹងសិទ្ធិស្ត្រីអ៊ីរ៉ង់ គឺជាការលាក់ពុត ។

លោក Nasser Kanaani បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងដំណោះស្រាយដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ដើម្បីដកអ៊ីរ៉ង់ចេញពីគណៈកម្មការ ស្តីពីស្ថានភាពស្ត្រី។

លោក Kanaani បានឲ្យដឹងដោយលើកឡើងពី “អាកប្បកិរិយានយោបាយ ឧបករណ៍ និងអាកប្បកិរិយាពីរ” របស់ទីក្រុងវ៉ាស៊ីនតោនថា “ប្រវត្តិសាស្រ្ត និងវិធីសាស្រ្តរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកក្នុងអតីតកាល និងបច្ចុប្បន្នបង្ហាញថា សិទ្ធិមនុស្សមិនមានកន្លែងពិតប្រាកដ នៅក្នុងនយោបាយ និងការអនុវត្តរបស់ខ្លួននោះទេ” ។

ដោយកត់សម្គាល់ពី “សម្ពាធអតិបរមា និងទណ្ឌកម្មដ៏ឃោរឃៅឯកតោភាគី” របស់សហរដ្ឋអាមេរិករយៈពេល ៤ទសវត្សរ៍មកលើប្រទេសអ៊ីរ៉ង់ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ពួកគេមាន “ផលវិបាកយ៉ាងទូលំទូលាយ និងអមនុស្សធម៌ លើជីវិត សុខភាព ការងារ និងជីវភាពរស់នៅ របស់ប្រជាជនអ៊ីរ៉ង់ទាំងអស់ រួមទាំងកុមារ ស្ត្រី។ ក្មេងស្រី និងម្តាយដោយគ្មានការលើកលែងណាមួយឡើយ”។

ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីស្ត្រីអាយុ ២២ ឆ្នាំ មានឈ្មោះថា Mahsa Amini បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតែអេរ៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្លាក់ខ្លួនឈឺធ្ងន់របស់នាង នៅឯស្ថានីយ៍ប៉ូលីស។ អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top