សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ប្រតិបត្តិករនៃកន្លែងបោះជំរុំនៅជិត Genting Highlands ដែលជាកន្លែងគ្រោះបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ សម្រាប់សកម្មភាពបោះជំរុំនោះទេ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ រដ្ឋាភិបាលក្នុងតំបន់ របស់ប្រទេសម៉ាឡេស៊ី លោក Nga Kor Ming បានលើកឡើងកាលពីថ្ងៃសុក្រ ។
លោកបានលើកឡើងថា ការត្រួតពិនិត្យជាមួយក្រុមប្រឹក្សាក្រុង Hulu Selangor បានបង្ហាញថា ប្រតិបត្តិករកន្លែងបោះជំរុំនៅឯកសិដ្ឋានសរីរាង្គ មានអាជ្ញាប័ណ្ណដើម្បីដំណើរការ កសិដ្ឋានសរីរាង្គប៉ុណ្ណោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ The Star ។
លោក Nga បានបញ្ជាក់ថា “ប្រតិបត្តិករបានដាក់ពាក្យស្នើសុំ ចាប់ផ្តើមសកម្មភាពកសិកម្មសរីរាង្គ នៅឆ្នាំ២០១៩ ប៉ុន្តែយើងជឿថា ពួកគេបានចាប់ផ្តើមដំណើរការ កន្លែងបោះជំរុំនៅឆ្នាំ២០២០” ។
លោកបានបន្តថា នឹងចាត់វិធានការតឹងរ៉ឹងចំពោះប្រតិបត្តិករ និងប្រតិបត្តិករផ្សេងទៀត ដែលធ្វើសកម្មភាពបែបនេះ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ កាសែត The Star បានរាយការណ៍ថា ប្រសិនបើរកឃើញថា មានកំហុស ពួកគេអាចប្រឈមមុខនឹងការ ជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់៥០.០០០លានរ៉ូពី ។
យ៉ាងហោចណាស់មនុស្ស២១នាក់ រួមទាំងកុមារ៤នាក់ បានស្លាប់បន្ទាប់ពីគ្រោះបាក់ដី បានវាយប្រហារកន្លែងបោះជំរុំនៅទីក្រុង Batang Kali ក្នុង Selangor កាលពីព្រឹកថ្ងៃសុក្រ ។ អាជ្ញាធរកំពុងស្វែងរកមនុស្ស ១២នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា