សេអ៊ូល/តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រ ដោយបាញ់ចេញពីឆ្នេរសមុទ្រ ភាគខាងកើតឧបទ្វីបកូរ៉េ នៅថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូង និងជប៉ុន ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា មីស៊ីលរយៈចម្ងាយមធ្យម ទាំង២បានហោះបានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ។
លោក Toshiro Ino អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បានឲ្យដឹងថា មីស៊ីលហាក់ដូចជាបានចុះចត នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន ហើយមិនមានរបាយការណ៍ អំពីការខូចខាតនោះទេ ។
អគ្គសេនាធិការរបស់កូរ៉េខាងត្បូង បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានបាញ់នៅមុំដ៏ចោត ហើយបានចុះចត នៅសមុទ្រខាងកើត” ។
“អាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគយ៉ាងម៉ត់ចត់ ដោយកត្តានិន្នាការថ្មីៗទាក់ទងនឹងការអភិវឌ្ឍន៍មីស៊ីល របស់កូរ៉េខាងជើង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា