បរទេស៖ យោងតាមទិន្នន័យ ដែលត្រូវបានបង្ហាញជាផ្លូវការ កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសឥណ្ឌានឹងនៅតែមានឈ្មោះ ជាអ្នកនាំចូលប្រេង ពីប្រទេសរុស្សីច្រើនជាងគេបំផុត ក្នុងខែធ្នូជាប់គ្នា២ខែមកហើយ ខណៈដែលកាលពីខែវិច្ឆិកា តួលេខនៃការនាំចូលប្រេងឆៅ មានចំណែកដល់ទៅ៥៣ភាគរយ នៃការនាំចេញរបស់រុស្សី។
ប្រភពដដែលបានបន្តទៀតថា ចំណែករបស់ឥណ្ឌា ដែលបាននាំចូលប្រេងឆៅរបស់រុស្សី មានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ខែ ទោះបីជារុស្សីមានផែនការកាត់បន្ថយស្តុកប្រេង នៅតាមទីតាំងស្តុកមួយចំនួននៅភាគខាងលិច របស់ប្រទេសក្តី។
នៅក្នុងខែធ្នូនេះឥណ្ឌា បានធ្វើកំណត់ត្រាថ្មីមួយទៀត ទទួលបានចំណែកនៃការនាំចូលប្រេងឆៅរុស្សី ដល់ទៅ៧០ភាគរយ នៃទីផ្សារសរុបរបស់រុស្សី។
គួរឲ្យដឹងដែរថាក្នុងពេលកំពុងមានវិបត្តិជាច្រើនបែបនេះ ប្រទេសឥណ្ឌាហាក់កំពុងទទួលបានឱកាសមាស ពីការបញ្ជាទិញប្រេងពីរុស្សី តាមរយៈការលក់បញ្ចុះតម្លៃយ៉ាងខ្លាំង មកត្រឹមតែ៦០ដុល្លារប៉ុណ្ណោះ ក្នុងមួយបារ៉ែល ខណៈដែលប្រេងនៅលើទីផ្សារ អាចមានរហូតទៅដល់ក្បែរ១០០ដុល្លារ ក្នុងមួយបារ៉ែល៕ ប្រែសម្រួល៖ស៊ុនលី