ព័ត៌មានអន្តរជាតិ

ជំងឺអាសន្នរោគ ឆក់យកជីវិតមនុស្ស នៅហ្វីលីពីនអស់៦៧នាក់ ខណៈអ្នកឆ្លងកើនឡើង​ ២៨២ភាគរយ


ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា រដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ចំនួន៦៧នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគ ដែលជាជំងឺរាគរូសស្រួចស្រាវនៅក្នុងប្រទេសហ្វីលីពីន គិតចាប់តាំងពីខែមករាឆ្នាំនេះ ខណៈដែលករណីបានកើនឡើង២៨២ភាគរយបើធៀបនឹងឆ្នាំមុន ។
នាយកដ្ឋានសុខាភិបាលហ្វីលីពីន ហៅកាត់ថា (DOH) បានរកឃើញករណីជំងឺអាសន្នរោគចំនួន៥.៨០០ករណីចាប់ពីខែមករាដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំនេះ ។ ទីភ្នាក់ងារនេះបានសន្មតថា ការកើនឡើងនៃករណីនេះទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលបានវាយលុកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

តំបន់ Visayas ភាគខាងកើត នៅភាគកណ្តាលនៃប្រទេសហ្វីលីពីន បានកត់ត្រាចំនួនករណីខ្ពស់បំផុត ដែលមានជាង ៣.៦០០ករណី បន្ទាប់មកគឺតំបន់ Davao នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលមានជាង៨០០ករណី និងតំបន់ Luzon កណ្តាលភាគខាងជើងនៃទីក្រុងម៉ានីល ដែលមានជាង៣០០ករណី ។

នាយកដ្ឋាន DOH បានឲ្យដឹងថា ការស្លាប់ដោយជំងឺអាសន្នរោគចំនួន៦៧នាក់ដែលបានកត់ត្រាចាប់តាំងពីខែមករាឆ្នាំនេះគឺ ០,៨ភាគរយខ្ពស់ជាងឆ្នាំមុន ។

លោក Maria Rosario Vergeire មន្ត្រីទទួលបន្ទុក DOH បានឲ្យដឹងថា មន្ទីរសុខាភិបាលបានពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបរបស់ខ្លួនចំពេលមានការរីករាលដាលនៃករណីជំងឺអាសន្នរោគនៅទូទាំងប្រជុំកោះ ។

លោក Vergeire បានឲ្យដឹងទៀតថា “DOH បានកំពុងធ្វើការជាបន្ទាន់ដើម្បីកែលម្អប្រព័ន្ធរបស់យើងដើម្បីជួលផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិមកលើសុខភាពរបស់ប្រទេសរបស់យើង” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top