ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទំនាក់ទំនងជាមួយអូស្ត្រាលី ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលការណ៍ឈ្នះ-ឈ្នះ។
លោក ស៊ី បានផ្លាស់ប្តូរការអបអរសាទរជាមួយអគ្គទេសាភិបាលអូស្ត្រាលី David Hurley និងនាយករដ្ឋមន្ត្រី Anthony Albanese ដើម្បីប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
នៅក្នុងសារនោះ លោក ស៊ី បានលើកឡើងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអូស្ត្រាលីកាលពី ៥០ឆ្នាំមុន កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗបានទទួលលទ្ធផលជាផ្លែផ្កា ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ដែលជាប្រទេសសំខាន់ទាំងពីរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក។
លោកបន្ដថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អូស្ត្រាលី ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយភាគីអូស្ត្រាលីដើម្បីយកខួបលើកទី៥០ នៃទំនាក់ទំនងការទូតជាឱកាសមួយ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក គោលការណ៍ឈ្នះ ឈ្នះ ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អូស្ត្រាលី និងបន្តនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ។
លោក Hurley បានលើកឡើងថាការសម្រេចចិត្តជាប្រវត្តិសាស្ត្រកាលពី ៥០ ឆ្នាំមុននេះបានត្រួសត្រាយផ្លូវ សម្រាប់ទំនាក់ទំនងទ្វេភាគីដើម្បីអភិវឌ្ឍ នាំមកនូវកំណើន និងឱកាសដល់ប្រទេសទាំងពីរ។ លោក Hurley បានបន្ថែមថា សម្លឹងឆ្ពោះទៅមុខ អូស្ត្រាលីនៅតែប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងស្ថិរភាព និងស្ថាបនាជាមួយប្រទេសចិន ដែលដឹកនាំដោយការគោរពគ្នាទៅវិញទៅមក និង ផលប្រយោជន៍ទៅវិញទៅមក និងស្របតាមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេ៕