តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសឧស្សាហកម្មទាំង៧ គ្រោងនឹងបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីរបៀបដោះស្រាយ ជាមួយនឹងការឈ្លានពានដ៏យូរ របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
កិច្ចចរចា G-7 នឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានប្រកាសជំនួយយោធាថ្មី សម្រាប់ប្រទេសអឺរ៉ុបខាងកើត រួមទាំងការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ផងដែរ។
រដ្ឋមន្ត្រីការបរទេសមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងចែករំលែកទស្សនៈអំពី ស្ថានភាពចុងក្រោយបង្អស់ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមក្រសួងការបរទេស។
ក្រសួងបានឲ្យដឹងថា អ្នកការទូតកំពូលក៏ទំនងជានឹងបញ្ជាក់ ពីកិច្ចសហការរបស់ពួកគេ លើការគាំទ្រសម្រាប់ជាតិ ដែលត្រូវបានឈ្លានពានដោយ រុស្ស៊ីកាលពីចុងខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ដំណើរទស្សនកិច្ចរបស់លោក ហ្សេឡិនស្គី ទៅកាន់សហរដ្ឋអាមេរិកគឺជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូងរបស់ លោកចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។
ប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Patriot គឺចាំបាច់ ដើម្បីការពារប្រទេសរបស់លោក ប្រឆាំងនឹងការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាបណ្តាញថាមពលជាដើម។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេស G-7 បានសន្យាថានឹង “បន្តកំណត់ថ្លៃដើមសេដ្ឋកិច្ច” លើទីក្រុងមូស្គូ ខណៈពេលដែលប្តេជ្ញាបន្តគាំទ្រ ដល់ទីក្រុងគៀវ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពី ការជួបជុំគ្នារយៈពេលពីរថ្ងៃនៅទីក្រុង Munster ភាគខាងលិចប្រទេសអាល្លឺម៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									