ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ជំរុញឲ្យរុស្ស៊ីមានការអត់ធ្មត់ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ថាភាគីពាក់ព័ន្ធទៅនឹងវិបត្តិអ៊ុយក្រែនគួរតែរក្សាការសមហេតុផល និងអនុវត្តការអត់ធ្មត់ ចូលរួម ក្នុងការសន្ទនាដ៏ទូលំទូលាយ និងដោះស្រាយបញ្ហាសន្តិសុខរួមតាមរយៈមធ្យោបាយនយោបាយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឱ្យដឹងថា ប្រទេសចិន “ប្រកាន់ខ្ជាប់នូវកម្មវត្ថុ និងភាពយុត្តិធម៌” និងជំរុញយ៉ាងសកម្មកិច្ចចរចាសន្តិភាព លោក ស៊ី បានប្រាប់លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប៉េកាំង។

លោក Medvedev ដែលត្រូវបានអញ្ជើញដោយបក្សកុម្មុយនិស្តចិន ជាមេដឹកនាំគណបក្ស United Russia ដែលកំពុងកាន់អំណាចបានលើកឡើងថា មានហេតុផលសម្រាប់វិបត្តិអ៊ុយក្រែន ហើយវាមានភាពស្មុគស្មាញខ្លាំង ដោយបន្ថែមថារុស្ស៊ីមានឆន្ទៈក្នុងការដោះស្រាយបញ្ហាតាមរយៈការចរចាសន្តិភាព។

ចាប់តាំងពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈមក ទីក្រុងប៉េកាំង បានបដិសេធមិនថ្កោលទោស ទីក្រុងមូស្គូ និងបានប្រឆាំងនឹងការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយប្រទេសលោកខាងលិច។ ប៉ុន្តែលោក ស៊ី បានសម្តែងការព្រួយ បារម្ភរបស់លោក អំពីសង្គ្រាម និងការជំទាស់ចំពោះការប្រើប្រាស់ ឬគម្រាមប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអឺរ៉ុបខាងកើត។

លោក Medvedev បានប្រគល់សំបុត្រផ្ទាល់ខ្លួនរបស់លោក ស៊ី ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានកត់សម្គាល់ “កម្រិតដែលមិនធ្លាប់មានពីមុនមកនៃការសន្ទនានយោបាយ និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងរុស្ស៊ី និងចិន” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top