យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាដោះលែង អតីតមេដឹកនាំប្រទេសលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងដំណោះស្រាយដំបូងដែលបានអនុម័ត លើស្ថានភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ចាប់តាំងពីរដ្ឋប្រហារបានកើតឡើង នៅទីនោះកាលពីខែកុម្ភៈឆ្នាំមុន។
ដំណោះស្រាយនេះបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពអាសន្ន ដែលកំពុងបន្តដាក់ដោយយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា”។ វាត្រូវបានអនុម័តដោយមានការ គាំទ្រពីសមាជិកចំនួន ១២ ក្នុងចំណោមសមាជិកទាំង ១៥ ដោយមានប្រទេសរុស្ស៊ី ចិន និងប្រទេសឥណ្ឌា បានបដិសេធក្នុងការបោះឆ្នោត។
ដំណោះស្រាយនេះក៏បានទាមទារ “បញ្ចប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហឹង្សា” នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
ប្រភពបានអំពាវនាវឱ្យរបបយោធា “ដោះលែងអ្នកទោស ដែលត្រូវបានឃុំខ្លួនតាម អំពើចិត្តទាំងអស់ជាបន្ទាន់” រួមទាំងលោកស្រី ស៊ូជី ដែលបានបម្រើការជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសផងដែរ។
ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៧ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគារសរុបចំនួន ២៦ឆ្នាំ បន្ទាប់ពីការកាត់ទោសពីបទពុករលួយ និងការចោទប្រកាន់ផ្សេងទៀត។ នាងត្រូវគេចាប់ដាក់គុកនៅក្រុងណៃពិដោ។
លោក Kyaw Moe Tun ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំអង្គការសហប្រជាជាតិ មុនពេលរដ្ឋប្រហារ ហើយនៅតែជាអ្នកតំណាងដែល ត្រូវបានទទួលស្គាល់ ទោះបីជាមានការប៉ុនប៉ង របស់របបយោធាក៏ដោយ ក៏ស្វាគមន៍ ចំពោះការអនុម័តរបស់ក្រុមប្រឹក្សានេះ ៕
ប្រែសម្រួល ឈូក បូរ៉ា