រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដោយពង្រីកភាពជាដៃគូ នៃប្រទេសសេដ្ឋកិច្ចសំខាន់ៗ ចំនួនពីររបស់ពិភពលោក ខណៈដែលពួកគេបន្តផ្តោតលើវិស័យនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះផ្តោតជាចម្បង លើផ្នែកនៃសេដ្ឋកិច្ចកាបូនរាងជារង្វង់ និងការកែច្នៃកាបូន ក៏ដូចជាអ៊ីដ្រូសែនពណ៌បៃតង អាម៉ូញាក់ឥន្ធនៈ និងនិស្សន្ទវត្ថុ។
ភាគីទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការធានាទីផ្សារ ប្រេងពិភពលោកនៅតែមាន ស្ថិរភាពតាមរយៈការបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសផលិតប្រេង និងអ្នកប្រើប្រាស់។
កិច្ចព្រមព្រៀងនេះត្រូវបាន ចុះហត្ថលេខាដោយព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងលោក Nishimura Yasutoshi រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូង នៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីថាមពល ជប៉ុន-អារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដ។
ប្រភពពី SPA បានឲ្យដឹងថា ប្រទេសទាំងពីរ “បានគូសបញ្ជាក់ពីតម្រូវការ ក្នុងការធានាការផ្គត់ផ្គង់ប្រកបដោយ សុវត្ថិភាពនៃប្រភពថាមពលទាំងអស់ នៅក្នុងទីផ្សារពិភពលោក ដោយកត់សម្គាល់ថា ព្រះរាជាណាចក្រនៅតែបន្តជាប្រភពដ៏ធំបំផុត នៃការផ្គត់ផ្គង់ប្រេងឆៅ ដែលអាចទុកចិត្តបានរបស់ប្រទេសជប៉ុន និងជាដៃគូដែលអាចទុកចិត្តបាន និងគួរឱ្យទុកចិត្តបាន” ។
ប្រភពបានបន្ថែមថា “ដើម្បីសម្រេចបាននូវសង្គមអព្យាក្រឹតកាបូន ចាំបាច់ត្រូវផ្តោតលើការបំភាយឧស្ម័ន ជាជាងប្រភពថាមពល តាមរយៈការដាក់ឱ្យប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនៃសេដ្ឋកិច្ចរង្វង់កាបូន និងបច្ចេកវិទ្យាកែច្នៃកាបូន” ៕
ប្រែសម្រួល ឈូក បូរ៉ា