ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីការពារជនស៊ីវិលបានឲ្យដឹង នៅថ្ងៃចន្ទថា គ្រោះទឹកជំនន់នៅចំថ្ងៃបុណ្យណូអ៊ែល នៅក្នុងប្រទេសហ្វីលីពីនបាន បង្ខំឱ្យមានការជម្លៀសមនុស្សជិត ៤៦.០០០នាក់ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ។
ក្រុមមន្ត្រីបានឲ្យដឹងទៀតថា មនុស្ស២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង តាមរដូវកាលដែលបានជន់លិច ផ្នែកខ្លះនៃតំបន់ភាគខាងត្បូង នៃកោះមីនដាណាវ ។
គ្រោះមហន្តរាយនេះបានធ្វើឱ្យ ការប្រារព្ធពិធីមានភាពសើមជោកជាំ នៅថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត របស់ប្រទេសកាន់សាសនា កាតូលិកជួបការលំបាក ។
បុគ្គលិកការពារជនស៊ីវិល Robinson Lacre បានប្រាប់ដល់ AFP តាមទូរស័ព្ទពីទីក្រុង Gingoog ឲ្យដឹងថា មានពលរដ្ឋចំនួន ៣៣.០០០នាក់ ក្នុងចំណោមមនុស្ស ៤៥.៧០០នាក់ ដែលត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយបានបញ្ជាក់ថា “ទឹកបានកើនឡើងលិចពីលើផ្លូវ នៅក្នុងតំបន់មួយចំនួន ប៉ុន្តែថ្ងៃនេះភ្លៀងបានឈប់វិញ” ។
ឆ្មាំឆ្នេរសមុទ្របានឲ្យដឹងថា ខ្លួនបានជួយសង្គ្រោះសមាជិក នៃគ្រួសារជាច្រើននៅក្នុងទីក្រុង Ozamiz និងទីក្រុង Clarin នៅពេលកម្ពស់ទឹកជំនន់បានហក់ឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា