ព័ត៌មានអន្តរជាតិ

Update៖ ព្យុះព្រិល វាយប្រហារមកលើទឹកដីជប៉ុន បណ្តាលឲ្យស្លាប់ ១៧នាក់ និងរបួសជាច្រើននាក់

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ព្រិលបានធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ដ៏ធំនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សអស់ចំនួន ១៧នាក់ និងរបួសជាង៩០នាក់ និងធ្វើឱ្យផ្ទះរាប់រយខ្នង គ្មានអគ្គិសនីប្រើប្រាស់ ។

ផ្នែកខាងមុខនៃរដូវរងាដ៏មាន ឥទ្ធិពលបានធ្វើឱ្យព្រិលធ្លាក់ចុះខ្លាំង នៅក្នុងតំបន់ភាគខាងជើង ចាប់តាំងពីសប្តាហ៍មុន ដោយបានធ្វើឲ្យជាប់គាំងយានយន្ត រាប់រយគ្រឿងនៅលើផ្លូវហាយវេ ពន្យារពេលសេវាកម្មដឹកជញ្ជូន និងបណ្តាលឱ្យមនុស្សស្លាប់ ១១នាក់គិតត្រឹមថ្ងៃសៅរ៍ ។

ការធ្លាក់ព្រិលកាន់តែច្រើន នៅចុងសប្តាហ៍ចំថ្ងៃបុណ្យណូអែល បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៧នាក់ និងរបួសដល់ ៩៣នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយបានបញ្ជាក់ដូច្នេះ ។

ពួកគេជាច្រើនបានរអិលធ្លាក់ចុះ ខណៈដែលឡើងយកព្រិលចេញពីដំបូលផ្ទះ ឬត្រូវបានកប់នៅក្រោមគំនរព្រិលក្រាស់ ដែលរអិលពីលើដំបូលផ្ទះ ។

ការិយាល័យក្រុងនៅតំបន់ ដែលរងគ្រោះបានបញ្ជាក់ថា ដោយសារព្រិលបានជំរុញឱ្យ អ្នកស្រុកប្រុងប្រយ័ត្នក្នុងអំឡុងពេល សកម្មភាពកាយយកព្រិលចេញ ហើយកុំធ្វើការតែម្នាក់ឯង ។

ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយបានឲ្យដឹងថា ស្ត្រីម្នាក់ក្នុងវ័យ៧០ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់កប់ នៅក្រោមគំនរព្រិលដ៏ក្រាស់នៅលើដំបូល ដែលភ្លាមៗនោះបានធ្លាក់ មកលើរូបនាងនៅក្នុងទីក្រុង Nagai នៃខេត្ត Yamagata ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងតូក្យូ ជាកន្លែងដែលមានព្រិលធ្លាក់ច្រើនជាងគេ កំរាស់៨០សង់ទីម៉ែត្រកាលពីថ្ងៃសៅរ៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top