បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmytro Kuleba បានបញ្ជាក់អំពីបំណងរបស់ រដ្ឋាភិបាលទីក្រុងគៀវដើម្បីចូលរួម កិច្ចប្រជុំពិភាក្សាមួយដើម្បី សន្តិភាពមួយដែលអាចនឹងរៀបចំឡើងនៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ។
លោក Kuleba បានថ្លែងដែរថា៖ អង្គការសហប្រជាជាតិ អាចជាទីកន្លែងនិងអ្នកសម្របសម្រួល សម្រាប់កិច្ចប្រជុំដ៏សំខាន់នេះហើយសង្ឃឹមថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ Antonio Guterres នឹងក្លាយជាបុគ្គលដ៏សំខាន់ដូចគ្នាក្នុងការ រៀបចំដំណើរការចរចានេះ ឲ្យបានដំណើរការឡើង។
ទោះបីជាយ៉ាងណាក្តីលោក Kuleba បានបង្ហាញការអះអាងថា លោកជឿជាក់ថា រុស្សីនឹងមិនទាន់រួចរាល់ឡើយ សម្រាប់ជំនួបពិភាក្សាដើម្បីសន្តិភាពលើកនេះ ដោយលើកឡើងថាជាធម្មតា គ្រប់សង្គ្រាមទាំងអស់លទ្ធផល នឹងអាចបញ្ចប់ទៅត្រឹមការប្រយុទ្ធគ្នា នៅលើសមរភូមិហើយខ្លះទៀតគឺអាចបញ្ចប់ ទៅនៅលើតុចរចាគ្នា ។
គួររំលឹកដែរថាកន្លងមក លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏ធ្លាប់បានចង្អុរបង្ហាញអំពីផែនការ ដើម្បីសន្តិភាពបញ្ចប់សង្គ្រាមរុស្សី និងអ៊ុយក្រែនម្តងដែរនៅឯកិច្ចប្រជុំ G20 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ៕
ប្រែសម្រួល៖ ស៊ុន លី