ព័ត៌មានអន្តរជាតិ

ទាហានរុស្ស៊ី ៣នាក់ត្រូវស្លាប់ ក្រោយបាញ់ទម្លាក់យន្ដហោះដ្រូន របស់អ៊ុយក្រែន

ម៉ូស្គូ៖ ទាហាន ៣នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃចន្ទ នៅក្នុងការបំផ្ទុះយន្តហោះដ្រូន នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

ប្រព័ន្ធផ្សព្វផ្សាយគាំទ្រវិមានក្រឹមឡាំងបានឲ្យដឹងថា ទាហានត្រូវបានសម្លាប់ ដោយការធ្លាក់កំទេចកំទី បន្ទាប់ពីយន្តហោះដ្រូន របស់អ៊ុយក្រែនត្រូវ បានបាញ់ទម្លាក់។

ការបំផ្ទុះនៅមូលដ្ឋានទ័ព Engels ក្នុងប្រទេសរុស្ស៊ី ដែលមានចម្ងាយជាង ៦០០ គីឡូម៉ែត្រពីទឹកដី ដែលគ្រប់គ្រងដោយអ៊ុយក្រែន គឺជាលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។

អ៊ុយក្រែន​មិន​បាន​បញ្ជាក់ ឬ​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​បែប​នេះ ​នៅ​ពី​ក្រោយ​ការវាយប្រហាររបស់រុស្ស៊ី​នោះទេ។ អ្នកនាំពាក្យកងទ័ពអាកាស អ៊ុយក្រែន លោក Yuriy Ihnat បានឲ្យដឹងតាមកញ្ចក់ទូរទស្សន៍ថា “ប្រសិនបើប្រជាជនរុស្ស៊ីគិតថា សង្រ្គាមនឹងមិនប៉ះពួកគេឆ្ងាយនៅពីក្រោយជួរមុខ ពួកគេពិតជាខុសយ៉ាងខ្លាំង” ។

មូលដ្ឋាន Engels គឺជាកន្លែង សម្រាប់យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ដែលជាផ្នែកមួយនៃការរារាំងនុយក្លេអ៊ែររបស់រុស្ស៊ី។ រុស្សីបានឲ្យដឹងថា គ្មានយន្តហោះណាត្រូវបានខូចខាត ដោយការផ្ទុះចុងក្រោយនេះទេ បន្ទាប់ពីពីរត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងនៅក្នុងឧប្បត្តិហេតុកាលពីថ្ងៃទី០៥ ខែធ្នូ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top