ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចង់​ឲ្យ​រុស្ស៊ី​ត្រូវបានបណ្តេញ​ចេញ ​ពី​អង្គការ​សហ​ប្រជាជាតិ ខណៈ​លោក ពូទីន ថា​លោក​នឹង​ចរចា

គៀវ៖ អ៊ុយក្រែន​កំពុង​ស្នើ​ឱ្យ​បណ្ដេញ​រុស្ស៊ី​ចេញ​ពី​អង្គការ​សហ​ប្រជាជាតិ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក វ្ល៉ាឌីមៀ ពូទីន បាន​លើកឡើងថា លោក​បាន​បើក​ចំហ​សម្រាប់​ការ​ចរចា​ជាមួយ “ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន”។

ក្រសួងការបរទេសអ៊ុយក្រែន បានចេញផ្សាយលិខិតមួយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរុស្ស៊ីដកខ្លួនចេញពីអង្គការសហប្រជាជាតិ ក៏ដូចជាការដកឋានៈសមាជិកអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែសំណួរជុំវិញភាពស្របច្បាប់របស់រុស្ស៊ីបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងខែធ្នូ ឆ្នាំ១៩៩១ ដែល “បានទុកចោលនូវដំណោះស្រាយ បញ្ហាសិទ្ធិ និងកាតព្វកិច្ចអន្តរជាតិរបស់សហភាពសូវៀត”។

សហព័ន្ធរុស្ស៊ីបានកាន់កាប់អាសនៈរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយឆ្លងកាត់នីតិវិធីដែលបានកំណត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ អ៊ុយក្រែនបានអះអាងដោយលើកឡើងពីរបៀបដែលធម្មនុញ្ញបច្ចុប្បន្នមិនមានពាក្យថា “សហព័ន្ធរុស្ស៊ី”។

លិខិតនោះបានសរសេរថា “សហព័ន្ធរុស្ស៊ីមិនដែលឆ្លងកាត់នីតិវិធីច្បាប់ក្នុងការចូលជាសមាជិកទេ ដូច្នេះហើយបានកាន់កាប់អាសនៈសហភាពសូវៀតដោយខុសច្បាប់នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។ “តាមទស្សនៈផ្លូវច្បាប់ និងនយោបាយ វាអាចមានសេចក្តីសន្និដ្ឋានតែមួយប៉ុណ្ណោះ៖ រុស្ស៊ីគឺជាអ្នកដណ្តើមយកកៅអីរបស់សហភាពសូវៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។

ក្រុមមន្ត្រីក៏បានចង្អុលបង្ហាញពីការឈ្លានពានរបស់រុស្ស៊ី ចំពោះអ៊ុយក្រែនមុនពេលការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈដោយលើកឡើងពី “ការឈ្លានពានប្រដាប់អាវុធ ៨ឆ្នាំ” ដែលរួមបញ្ចូលការបញ្ចូលឧបទ្វីបគ្រីមៀ ហើយទីបំផុតបាននាំឱ្យមានជម្លោះបង្ហូរឈាម ដែលបានកើតឡើងអស់រយៈពេលជាង ១០ខែ៕ប្រែសម្រួល ឈូក បូរ៉ា

To Top