ម៉ូស្គូ៖ ពិភពលោកខាងលិចនឹងឃើញ “ការកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ” នៅក្នុងសមត្ថភាពរបស់ខ្លួនក្នុងការ “ដឹកនាំសេដ្ឋកិច្ចពិភពលោក” នាពេលខាងមុខ ហើយនឹងត្រូវចរចាជាមួយរុស្ស៊ី នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ។
លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសតាំងពីឆ្នាំ ២០០៤ បានធ្វើការអត្ថាធិប្បាយខាងលើនេះកាលពីថ្ងៃចន្ទ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី។
លោកបានលើកឡើងថា “នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងឃើញការថយចុះនៃកាលានុវត្តភាពរបស់បស្ចិមប្រទេស ដែលជាការកាត់បន្ថយយ៉ាងធ្ងន់ធ្ងរនូវឱកាស ដើម្បីដឹកនាំសេដ្ឋកិច្ចពិភពលោកតាមរបៀបដែលខ្លួនចង់បាន ហើយថាតើវាចង់បានឬអត់ យើងនឹងត្រូវចរចា”។
លោក Lavrov បានអះអាងថា រុស្ស៊ីនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចផ្សេងទៀត ខណៈដែលប្រទេសលោកខាងលិចបាន “ផ្តាច់ទំនាក់ទំនងស្ទើរតែទាំងអស់” ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ដែលវិមានក្រឹមឡាំងហៅថា “ប្រតិបត្តិការយោធាពិសេស”។
លោកបានបន្ដថា រុស្ស៊ីនឹងមិនរត់តាមលោកខាងលិចឡើយ ហើយបានបន្ថែមថា “យើងនឹងផ្តោតលើអ្នកដែលមិនដែលធ្វើឲ្យយើងខកចិត្ត ហើយជាមួយនឹងអ្នកដែលពេលខ្លះយើងសម្រេចបាននូវការសម្របសម្រួលដ៏លំបាកខ្លាំង ប៉ុន្តែនៅពេលដែលពួកគេសម្រេចបាន គ្មាននរណាម្នាក់ធ្លាប់បោកប្រាស់ឡើយ ហើយជាមួយលោកខាងលិច អ្វីៗគឺផ្ទុយស្រលះ។
ការជជែកវែកញែកថា យុគសម័យនៃការត្រួតត្រារបស់បស្ចិមប្រទេសជិតដល់ទីបញ្ចប់ គឺជាចំណុចនិយាយដ៏ពេញនិយម សម្រាប់អ្នកនយោបាយជាន់ខ្ពស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕ប្រែសម្រួល ឈូក បូរ៉ា