បរទេស ៖ អនុប្រធានកិច្ចការងារតំណាង របស់រុស្សីនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា សំណើរដោយរដ្ឋាភិបាល ទីក្រុងគៀវ ដើម្បីបង្កើនកិច្ចចរចា សន្តិភាពឬ Peace Summit នោះ គឺនឹងមិនដំណើរការឡើយ ប្រសិនបើគ្មានការចូល ពីសំណាក់រដ្ឋាភិបាល ទីក្រុងមូស្គូ ។
សេចក្តីប្រកាស ដែលធ្វើឡើង នៅលើបណ្តាញ ទំនាក់ទំនង Telegram មន្ត្រីជាន់ខ្ពស់រូបនេះ បានបកស្រាយអំពីគំនិត នៃលោករដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន Dmitry Kuleba កាលពីថ្ងៃចន្ទកន្លងមក ក្នុងការបង្កើតការពិភាក្សាគ្នា ដើម្បីសន្តិភាពមួយ នៅខែកុម្ភៈខាងមុខ គឺជាគំរួបខួបមួយឆ្នាំ នៃប្រតិបត្តិការយោធា របស់រុស្សីក្នុងប្រទេស អ៊ុយក្រែន ។
ជាការឆ្លើយតបការិយាល័យ របស់លោកអគ្គលេខាធិកាអង្គការ សហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ហើយថា ក្រុមការងារ បានត្រៀមរួចរាល់ ដើម្បីសម្រប សម្រួលកិច្ចការងារនេះ ប្រសិនបើភាគីទាំងអស់ នឹងព្រមព្រៀងគ្នាឡើង ។
ទោះបីជាយ៉ាងណាក្តី លោក Kuleba បានទាមទារថា មុនពេលដែលរដ្ឋាភិបាល ទីក្រុងមូស្គូអាចអនុញ្ញាតិ ឲ្យចូលរួមនៅក្នុងកិច្ចការងារ ពិភាក្សានេះ បានតុលាការអន្តរជាតិ គួរតែត្រូវធ្វើការកាត់ទោស បទឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងនឹងប្រទេស រុស្សីជាមុនសិន ៕
ប្រែសម្រួល៖ស៊ុនលី