បរទេស៖ លោក Dan Rice ទីប្រឹក្សាអាមេរិកផ្នែកយោធាអ៊ុយក្រែន បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់សិទ្ធិក្នុងការចែកចាយគ្រាប់បែកចង្កោម ទៅឱ្យទីក្រុងគៀវដើម្បីបង្កើន “សមត្ថភាពវាយប្រហារ” និង “ឈ្នះសង្គ្រាម” ប្រឆាំងនឹងរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNN កាលពីសប្តាហ៍មុន លោក Rice ដែលជាទីប្រឹក្សាពិសេសរបស់ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនបានទទូចថា សហរដ្ឋអាមេរិក “ពិតជាចាំបាច់” ផ្គត់ផ្គង់ដល់កងកម្លាំងទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកចង្កោម។
លោកបានអះអាងថា ពួកគេ (គ្រាប់បែក) ប្រៀបដូចជាការគប់ «អណ្តាតភ្លើងដាក់ស្រមោចមួយហ្វូង» ហើយនឹង «បង្កើនគ្រាប់កាំភ្លើងធំពីប្រាំទៅដប់ដង»។
ទីប្រឹក្សាអាមេរិកផ្នែកយោធាអ៊ុយក្រែនរូបនេះ បានប្រាប់សារព័ត៌មានទៀតថា “នេះជារបៀបដែលអ្នកបង្កើនការវាយប្រហារ និងឈ្នះសង្គ្រាម។ ប្រសិនបើយើងចង់ឈ្នះវា យើងត្រូវផ្តល់ឱ្យពួកគេនូវអ្វីមួយបែបនោះ”។ លោកបានប្រាប់អ្នកយកព័ត៌មាន ដោយហៅគ្រាប់បែកចង្កោមថាជា “អ្នកផ្លាស់ប្តូរហ្គេម” ។
ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បច្ចុប្បន្នមិនមានឆន្ទៈក្នុងការផ្គត់ផ្គង់ អាវុធបែបនេះដល់អ៊ុយក្រែនទេ ព្រោះវាអាចនឹងធ្វើឱ្យរដ្ឋអឺរ៉ុបខាងលិច ខឹងសម្បារក្នុងពេលដែលរដ្ឋទាំងនោះ បានចុះហត្ថលេខាលើសន្ធិសញ្ញា ហាមឃាត់អាវុធទាំងនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									