ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី និងចិន បញ្ចប់ដោយ​ជោគជ័យនូវសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដែលមានរយៈពេលមួយសប្តាហ៍

បរទេស៖ យោធារុស្ស៊ី និងចិនបានបញ្ចប់ការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលមានរយៈពេលមួយសប្តាហ៍ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានអនុវត្តសមយុទ្ធប្រឆាំងនាវាមុជទឹក ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងសមយុទ្ធទំនាក់ទំនងនៅសមុទ្រចិនខាងកើត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា សមយុទ្ធដែលមានឈ្មោះថា ‘អន្តរកម្មដែនសមុទ្រ 2022’ បានបញ្ចប់ ដោយកត់សម្គាល់ថា នាវាចម្បាំង “បានរួមគ្នាស្វែងរកនាវាមុជទឹករបស់សត្រូវតាមលក្ខខណ្ឌ និងបានបាញ់ទម្លាក់ពីជម្រៅយន្តហោះ” ដោយមានការគាំទ្រពី “អាកាសចរណ៍ប្រឆាំងនាវាមុជទឹក” ។

គេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងទ័ពជើងទឹកនៃកងនាវាចរប៉ាស៊ីហ្វិក [រុស្ស៊ី] និងកងទ័ព ជើងទឹករំដោះ ប្រជាជនចិនបានបញ្ចប់ភារកិច្ចរបស់ពួកគេសម្រាប់សមយុទ្ធទ្វេភាគី … នៅសមុទ្រចិនខាងកើត” ។

វីដេអូដែលចេញផ្សាយដោយក្រសួងបង្ហាញពីសមយុទ្ធមួយចំនួនដែលកំពុងដំណើរការ ដោយឃើញនាវិករុស្ស៊ីកំពុង និយាយទៅកាន់សមភាគីចិនជាភាសាចិនកុកងឺតាមវិទ្យុ ខណៈដែលកាំភ្លើងកងទ័ពជើងទឹក និងវេទិកាអាវុធ ផ្សេងទៀតត្រូវបានថតជាសកម្មភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top