ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីពូទីនថា កិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងប៉េកាំង គឺជួយបង្កើតសណ្តាប់ធ្នាប់ពិភពលោក

បរទេស៖ ភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន មានទិដ្ឋភាពជាច្រើន ដោយកិច្ចសហប្រតិបត្តិការយោធា គឺជាធាតុផ្សំដ៏សំខាន់មួយ ប្រធានាធិបតីរុស្ស៊ី ។ លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីចិន លោក ស៊ី ជីនពីង បែបនេះ នៅក្នុងកិច្ចពិភាក្សាតាមវីដេអូមួយកាលពីថ្ងៃសុក្រ។ លោកបានបន្តថា ប្រទេសទាំងពីរមានទស្សនៈវិស័យនៃពិភពលោកនាពេលអនាគតដ៏ត្រឹមត្រូវជាងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន និងលោក ស៊ី បានពិភាក្សាទ្វេភាគីតាមរយៈខ្សែវីដេអូ ដោយមានសុន្ទរកថាបើកដោយមេដឹកនាំទាំងពីរដែលបានចាក់ផ្សាយតាមទូរទស្សន៍ដល់សាធារណជនថែមទៀតផង។ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោកស្វាគមន៍ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច មនុស្សធម៌ និងទំនាក់ទំនងផ្សេងទៀតជាមួយប្រទេសចិន។

លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយោធាមានសារៈសំខាន់ជាពិសេស ដោយលោកបានមានប្រសាសន៍ថា វាបាន”ពង្រឹងសន្តិសុខរបស់ប្រទេសទាំងពីរ និងស្ថិរភាពនៅក្នុងតំបន់សំខាន់ៗនៃពិភពលោក”។ លោកបាននិយាយថា សកម្មភាពរួមគ្នាដោយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ជួយបង្កើត “សណ្តាប់ធ្នាប់ពិភពលោកដ៏ត្រឹមត្រូវមួយដោយផ្អែកលើច្បាប់អន្តរជាតិ”៕ប្រែសម្រួលៈ ណៃ តុលា

To Top