ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស១១នាក់ នៅពីក្រោយនៃការដោះដូរ រូបិយបណ្ណឌីជីថលក្លែងក្លាយ សម្រាប់ទីផ្សារ Forex 

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ថា ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានចាប់ខ្លួនមនុស្ស១១នាក់ ដែលនៅពីក្រោយអស្ថិរភាពថ្មីៗនេះ នៅក្នុងទីផ្សាររូបិយប័ណ្ណ បរទេសរបស់ប្រទេសនេះ ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានផ្សាយ ដូច្នេះ ។

ក្រសួងបានឲ្យដឹងថា អ្នកជាប់ឃុំបានស្វែងរកឲ្យមាន “តម្លៃក្លែងក្លាយ” រូបិយប័ណ្ណបរទេសសំខាន់ៗតាមរយៈ ការជួញដូរនាពេលអនាគត និងសកម្មភាពផ្សេងទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងលំហនិម្មិត ។

ក្រសួងបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនក៏បានកំណត់អត្តសញ្ញាណបុគ្គល ចំនួន៣២០នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយបណ្តាញ និងក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនឹងចាត់វិធានការចាំបាច់ ក្នុងពេលឆាប់ៗនេះប្រឆាំងនឹង “ការរំខានដល់ស្ថិរភាពទីផ្សារ” ទាំងនេះ ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសសន្តិសុខសេដ្ឋកិច្ចនៃទីក្រុងតេហរ៉ង់ បានប្រកាសពីការចាប់ខ្លួន ឈ្មួញរូបិយប័ណ្ណខុសច្បាប់ចំនួន៩៦នាក់នៅក្នុងទីក្រុងតេហរ៉ង់ ហើយចំនួន ១១៨.០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានរឹបអូសបានពីពួកគេទាំងនោះ ។

សារព័ត៌មាន Tasnim បានដកស្រង់សម្តីមេប៉ូលិស លោក Hedayat Bahrami ដែលបានលើកឡើងថា “ផែនការនេះនឹងបន្តរហូតដល់ភាពស្ងប់ស្ងាត់ ត្រូវបានស្តារឡើងវិញចំពោះទីផ្សាររូបិយប័ណ្ណ” ។

លោក Bahrami បានព្រមានថា រាល់ការទិញ និងលក់រូបិយប័ណ្ណនៅខាងក្រៅធនាគារ ដែលមានការអនុញ្ញាត និងមជ្ឈមណ្ឌលប្តូរប្រាក់ត្រូវបានហាមឃាត់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top