ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឲ្យបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីមួយទៀត

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការកើនឡើង “អិចស្ប៉ូណង់ស្យែល” ក្នុងការផលិតក្បាល គ្រាប់នុយក្លេអ៊ែរ និងបានបញ្ជាឱ្យអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីមួយ ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍របស់លោក គីម ត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអាទិត្យនេះ ប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈ ចម្ងាយខ្លីមួយចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនក្នុង ការសាកល្បងអាវុធដ៏កម្រនៅថ្ងៃចូលឆ្នាំថ្មី។

ក្នុងអំឡុងពេលនៃការអត្ថាធិប្បាយរបស់គាត់នៅ ក្នុងកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកម្មករដែលកំពុងកាន់អំណាច លោក គីម បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលថាបានអនុវត្ត “ផែនការដើម្បីផ្តាច់ខ្លួន និងរារាំង” កូរ៉េខាងជើង ដោយហៅវាថា “មិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ” នេះបើយោងតាមទីភ្នាក់ ងារសារព័ត៌មានកណ្តាលកូរ៉េ ( KCNA) ។

លោកបានលើកឡើងថា ស្ថានការណ៍បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង “បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេរដង ដើម្បីពង្រឹងអំណាចយោធារបស់យើងយ៉ាងលើសលប់ និងដើម្បីការពារអធិបតេយ្យភាព សុវត្ថិភាព និងផលប្រយោជន៍ជាតិជាមូលដ្ឋានរបស់យើង ដើម្បីទប់ទល់នឹងចលនាយោធាដ៏គ្រោះថ្នាក់ដោយសហរដ្ឋអាមេរិក និងកងកម្លាំងអរិភាពផ្សេងទៀត ដែលកំណត់គោលដៅយើង”។

លោក គីម បានបន្ដថា “វាបង្ហាញពីសារៈសំខាន់ និងភាពចាំបាច់នៃការផលិតអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងការអំពាវនាវ ឱ្យមានការកើនឡើងនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ”។

KCNA បានចុះផ្សាយថា លោកក៏បានបញ្ជាឱ្យផលិតប្រភេទថ្មីនៃ ICBM “ជាមួយនឹងសមត្ថភាពវាយប្រហារ នុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ដែលជាបេសកកម្មមូលដ្ឋានរបស់មីស៊ីលថ្មីនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top