ព័ត៌មានអន្តរជាតិ

សុន្ទរកថាឆ្នាំថ្មីរបស់លោក ពូទីន បង្ហាញថា លោកគ្មានឆន្ទៈ ដើម្បីស្វែងរកដំណោះស្រាយសន្ដិភាពឡើយ

គៀវ៖ សុន្ទរកថាថ្ងៃចូលឆ្នាំសកល របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បង្ហាញថាលោក “នៅតែមិនមានឆន្ទៈ” ដើម្បីពិចារណាដំណោះស្រាយ ដោយសន្តិវិធី ចំពោះសង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមអង្គភាព អ្នកគិតរបស់សហរដ្ឋអាមេរិក។

វិទ្យាស្ថានសិក្សាសង្រ្គាម (  ISW) បានសរសេរនៅក្នុង របាយការណ៍ថ្មីបំផុតរបស់ខ្លួនថា សុន្ទរកថាប្រចាំឆ្នាំរបស់លោក ពូទីន បានបង្ហាញថាលោក “មិនប្រាកដប្រជាអំពីសមត្ថភាពរបស់លោក ក្នុងការរៀបចំលំហព័ត៌មានរុស្ស៊ី ហើយនៅតែផ្តោតលើការ ផ្តល់ភាពត្រឹមត្រូវនៃសង្រ្គាម និងការចំណាយរបស់វា ចំពោះប្រជាជនរបស់លោក” រយៈពេល ១០ខែបន្ទាប់ពីលោក បានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែន ។

នៅក្នុងវីដេអូរយៈពេល ៩នាទីដែលបានបង្ហាញ នៅលើកញ្ចក់ទូរទស្សន៍ ខណៈដែលតំបន់ម៉ោងនីមួយៗរបស់រុស្ស៊ី បានរាប់ថយក្រោយនាទីចុងក្រោយនៃឆ្នាំ២០២២ កាលពីថ្ងៃសៅរ៍ លោក ពូទីន បានបរិហារលោកខាងលិច ចំពោះការឈ្លានពាន និងបានចោទប្រកាន់ប្រទេសនានាថា បានព្យាយាមប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ដើម្បីបំផ្លាញរុស្ស៊ី។

លោកពូទីន បានលើកឡើងថា “ឆ្នាំ២០២២ គឺជាឆ្នាំនៃការសម្រេចចិត្តដ៏លំបាក និងចាំបាច់នៃជំហានសំខាន់ៗ ឆ្ពោះទៅរកការទទួលបានអធិបតេយ្យភាព ពេញលេញរបស់រុស្ស៊ី និងការបង្រួបបង្រួមដ៏មានឥទ្ធិពល នៃសង្គមរបស់យើង”។

លោក​បាន​បន្ថែម​ថា អនាគត​អធិបតេយ្យភាព ឯករាជ្យ និង​សុវត្ថិភាព​របស់​រុស្ស៊ី គឺ​អាស្រ័យ​លើ​យើង​តែ​លើ​កម្លាំង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ប៉ុណ្ណោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top