បរទេស ៖ បើតាមសារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់ បើកទូលាយក្នុងការប្រើប្រាស់ ទ្រព្យសម្បត្តិរបស់ធនាគារ កណ្តាលរុស្ស៊ី ដែលត្រូវ បានបង្កកតាំង ពីឆ្នាំមុនជាលទ្ធផលនៃទណ្ឌកម្ម ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការកសាងប្រទេស អ៊ុយក្រែនឡើងវិញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹង ថា Bloomberg បានកត់សម្គាល់ថា រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា ពេញចិត្តនឹង ការប្រើប្រាស់មូល និធិនៅក្នុងប្រទេស អ៊ុយក្រែន ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានជំហរផ្លូវការ លើបញ្ហានេះនៅឡើយទេ ដោយសារតែសមាជិក នៃគណៈរដ្ឋមន្ត្រីនៅមាន ការបែងចែកលើបញ្ហានេះ។
សូមជម្រាបថា EU និងប្រទេស G7 បានបង្កកប្រាក់បម្រុងប្រមាណ ៣០០ ពាន់លានអឺរ៉ូ (៣១១ ពាន់លានដុល្លារ) ជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី រួមជាមួយនឹងទ្រព្យសកម្មរាប់ពាន់លាន ដែលគ្រប់គ្រងដោយពាណិជ្ជករ រុស្ស៊ីដែលត្រូវបានទណ្ឌកម្ម។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ទទូចថា យ៉ាងហោចណាស់ទ្រព្យសម្បត្តិ ដែលបង្កកមួយចំនួនត្រូវតែរឹបអូស ខណៈដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Christian Lindner មានការព្រួយបារម្ភថា ទង្វើនេះអាចបង្កើត គំរូដ៏គ្រោះថ្នាក់ និងនាំឱ្យប្រទេសអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេធ្លាក់ ក្នុងអន្ទាក់ផ្លូវច្បាប់ ។ នេះបើតាមប្រភពបានប្រាប់ Bloomberg ៕