ព័ត៌មានអន្តរជាតិ

ជាការសងសឹក ៖ ទាហានអ៊ុយក្រែនជាង ២០០នាក់ រួមទាំងទាហានស៊ីឈ្នួលបរទេស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី

បរទេស ៖ ក្រសួងការពារជាតិ របស់ទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ មីស៊ីលប្រភេទ HIMARS ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ជាច្រើនគ្រឿង និងបានសម្លាប់កងទ័ព អ៊ុយក្រែន និងអ្នកចម្បាំងបរទេស រាប់សិបនាក់ នៅក្នុងការវាយប្រហារ ដោយមីស៊ីលជាបន្តបន្ទាប់របស់ខ្លួន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមយោធារបស់រុស្ស៊ី គឺគ្រាប់មីស៊ីល២គ្រាប់ បានបំផ្លាញ នៅស្ថានីយ៍រថភ្លើង Druzhkovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។ ក្រសួងបានបន្ថែមថា មីស៊ីល២គ្រាប់ បានបាញ់នៅក្រុង DPR ផ្សេងទៀត មានទីតាំងនៅជិតទីក្រុង Kramatorsk ដែលគ្រប់គ្រងដោយអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍បាននិយាយថា បន្ថែមពីលើនេះ គ្រាប់មីស៊ីល HIMARS ចំនួន៩ត្រូវបានស្ទាក់ចាប់ នៅជិតខ្សែបន្ទាត់ជួរមុខ ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ក៏ដូចជានៅក្នុងតំបន់ Kherson នៅភាគខាងជើងនៃគ្រីមៀ ។

ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមថា ” ការវាយប្រហារយ៉ាងជាក់លាក់” របស់កងទ័ពអាកាសរុស្ស៊ី លើទីតាំងនៃ “កងពលបរទេស” ដែលកំពុងប្រយុទ្ធសម្រាប់អ៊ុយក្រែន នៅជិត Kramatorsk និង Maslyakovka បានបំផ្លាញ “ទាហានស៊ីឈ្នួលបរទេស” ជាង ១៣០នាក់ ។

យោធាបានអះអាងថា ទាហានអ៊ុយក្រែនរហូតដល់ទៅ ១២០ នាក់ត្រូវបានគេកម្ចាត់ចោលនៅស្ថានីយរថភ្លើង Druzhkovka នោះ។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា ទាហានរបស់ខ្លួនជាង ៦០ នាក់ត្រូវបានសម្លាប់ នៅក្នុងទីក្រុង Makeyevka នៅពេលដែលកងកម្លាំង របស់ទីក្រុងគៀវ បានកំណត់គោលដៅលើអគារ ដែលពួកគេស្នាក់នៅជាមួយនឹងមីស៊ីល ដែលបាញ់ចេញពីឧបករណ៍បាញ់ HIMARS ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ៕

To Top