“យើងត្រូវដាស់តឿនជប៉ុនថា ប្រសិនបើទឹកសំណល់ នុយក្លេអ៊ែរមានសុវត្ថិភាព នោះក៏អាចបង្ហូរ នៅក្រុងតូក្យូ ធ្វើពិសោធន៍ នៅក្រុងប៉ារីស និងស្តុកទុកនៅក្រុងវ៉ាស៊ីនតោន ប៉ុន្តែសូមរក្សាការគ្មានសារធាតុ នុយក្លេអ៊ែរក្នុងមហាសមុទ្រប៉ាស៊ីហ្វិក របស់យើង ។”នេះជាការចោទប្រកាន់របស់លោកស្រី Motarilavoa Hilda Lini ដែលជាឥស្សរជនមជ្ឈដ្ឋាន នយោបាយដ៏ល្បីឈ្មោះរបស់វ៉ានូអាទូ ដែលបានឆ្លុះបញ្ចាំង ពីសំឡេងរួមរបស់ប្រជាជន នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ។
កាលពីខែមេសាឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសថា មានផែនការចាប់ផ្តើមបង្ហូរទឹក សំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរ ស្រុក Fukushima ទៅក្នុងសមុទ្រ ពីរដូវផ្ការីកឆ្នាំ២០២៣នេះតទៅ ។ ទន្ទឹមនឹងពេលវេលា នៃការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រកាន់តែខិតជិត សំឡេងប្រឆាំង ពីសហគមន៍អន្តរជាតិ បានកើនឡើងឥតឈប់ឈរ ។ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មនុស្សទាំងឡាយ បានតវ៉ាយ៉ាងខ្លាំង ចំពោះផែនការបង្ហូរទឹក សំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រជាបន្តបន្ទាប់ ។ ឥស្សរជនវិភាគបានលើកឡើងថា ប្រសិនបើជប៉ុនបង្ហូរ ទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុង សមុទ្រតាមផែនការ យ៉ាងពិតប្រាកដ នោះ បណ្ដាប្រទេស តាមបណ្តោយ មហាសមុទ្រ ប៉ាស៊ីហ្វិកមានសិទ្ធដេញដោល ទំនួលខុសត្រូវនិងទារ សំណងពីជប៉ុន ។
ជប៉ុនជ្រើសរើសការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រតែម្តង គឺចង់ចៀសវាងការលំបាកនិងចង់ចំណាយលុយតិច ប៉ុន្តែវាធ្វើអ៊ីចឹងគឺ បានទម្លាក់ការបំពុល នុយក្លេអ៊ែរទៅឱ្យពិភពលោកទាំងមូល ដែលជាទង្វើគ្មានទំនួលខុសត្រូវ និងអត្មានិយមទាំងស្រុង ។ “ការិយាល័យព័ត៌មាន និងឯកសារអំពី ថាមពលនុយក្លេអ៊ែរ” ដែលជាអង្គការមិនរក ប្រាក់ចំណេញ របស់ជប៉ុនបានចេញផ្សាយអត្ថបទ នៅពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីធ្វើការចាត់ចែងរួចហើយ ទឹកសំណល់នុយក្លេអ៊ែរ នៅតែមានសារធាតុវិទ្យុសកម្មចំនួន៦៤ប្រភេទ ដូចជា ធាតុ Tritium ជាដើម ល្គឹកណា ដែលត្រូវបង្ហូរ ទៅក្នុងសមុទ្រនោះនឹងនាំឱ្យបរិស្ថាន សមុទ្ររងការ បំពុលវិទ្យុសកម្ម ហើយបញ្ជូន និងស្ដុកទុក តាមរយៈខ្សែសង្វាក់ចំណីអាហារ ទីបំផុតបង្កជាផលប៉ះពាល់អវិជ្ជមាន ទៅលើសុខភាពមនុស្ស និង បរិស្ថានអេកូឡូស៊ី ។
អាចប៉ាន់ប្រមាណថា ប្រសិនបើបង្ហូរទឹកសំណល់នុយក្លេអ៊ែរលើស ពី១លាន៣សែនតោន នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លេអ៊ែរស្រុក Fukushima ទៅក្នុងសមុទ្រ នោះ វាមិនខុសអ្វីពីការដាក់សុវត្ថិភាព អាយុជីវិតរបស់ប្រជាជនតាមឆ្នេរសមុទ្រ ក្នុងសភាពគ្រោះថ្នាក់ ក៏ដូចជាដាក់អេកូបរិស្ថាន សមុទ្រក្នុងហានិភ័យ ដែលមិនអាចប៉ាន់ប្រមាណបាន ដែលនឹងនាំមកនូវផល វិបាកយ៉ាងខ្លាំងក្លា ។
គ្មានមធ្យោបាយ ដោះស្រាយ ប្រកបដោយសុវត្ថិភាព មិនបានប្រកាសពីព័ត៌មាន ដោយគ្រប់ជ្រុងជ្រោយ មិនបានពិគ្រោះពិភាក្សា យ៉ាងពេញលេញ ជាមួយប្រទេសជិតខាងនិង អង្គការអន្តរជាតិ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រដោយឯកតោភាគី វាហាក់ដូចជាបានឈរ នៅប៉ែកម្ខាងដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិ ។ ជប៉ុនជាភាគីហត្ថលេខី នៃអនុសញ្ញាអន្តរជាតិជាច្រើនដូចជា 《អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ》 និង 《អនុសញ្ញាអំពីសន្តិសុខនុយក្លេអ៊ែរ》ជាដើម ប៉ុន្តែបែរជាប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា ។ ប្រទេសនានាមានសិទ្ធ ប្រើមធ្យោបាយផ្លូវច្បាប់ ដើម្បីការពារសិទ្ធនិង ផលប្រយោជន៍របស់ខ្លួន ។
សមុទ្រជាទ្រព្យ សម្បត្តិរួម និងជាទីលំនៅដែលរួមរស់នៅជាមួយគ្នា របស់មនុស្សជាតិ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ មិនមែនជារឿងរបស់ប្រទេសជប៉ុននោះទេ ។ បច្ចុប្បន្ននេះ អង្គការថាមពល បរិមាណូអន្តរជាតិ នៅតែវាយតម្លៃ ដោយគ្រប់ជ្រុងជ្រោយ ចំពោះទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពល នុយក្លេអ៊ែរស្រុក Fukushima ដដែល ។
ភាគីជប៉ុនបង្ខំឱ្យជំរុញផែនការ បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ គឺមិនអើពើនឹងការយកចិត្តទុក ដាក់របស់ភាគីនានានិងប៉ុនប៉ង បង្កការពិតជាក់ស្តែងដែលមានស្រាប់ ។ ស្នាមប្រឡាក់ក្នុងប្រវត្តិសាស្ត្រ របស់ជប៉ុនធ្លាប់បង្កគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដល់ប្រទេសជិតខាង តើឥឡូវនេះចង់បន្សុលទុកកេរ្តិ៍ ឈ្មោះអាស្រូវក្នុងប្រវត្តិសាស្ត្រម្តងទៀតឬ?