ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើមួយឆ្នាំកន្លងទៅ កិច្ចព្រមព្រៀង RCEP បានដើរតួនាទីអ្វីខ្លះ សម្រាប់ជំរុញការស្តារសេដ្ឋកិច្ច តំបន់និងពិភពលោក ក្នុងបរិបទ ដែលប្រឈម នឹងវិបត្តិផ្ទួនៗ ?

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន គិតមកទល់បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ ពេញមួយខួបហើយ ។ តើក្នុងរយៈពេលមួយឆ្នាំ កន្លងទៅនេះ RCEP បានដើរតួនាទីអ្វីខ្លះ សម្រាប់ជំរុញការស្តារ សេដ្ឋកិច្ចតំបន់និងពិភពលោក ក្នុងបរិបទដែលប្រឈមនឹងវិបត្តិផ្ទួនៗ ?

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា បច្ចុប្បន្ន រដ្ឋសមាជិក RCEP គឺមកពីប្រទេសចំនួន ១៥ ដែលអាចនិយាយបានថា ជារដ្ឋសមាជិក ដែលមានភាពខុសប្លែកគ្នា ខាងការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គម ខាងតម្រូវការនិងទម្លាប់ប្រើប្រាស់ ខាងទំនៀមទម្លាប់ប្រពៃណី និងខាងរូបមន្តអភិវឌ្ឍន៍ជាដើម ដូច្នេះ ការធ្វើកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសមាជិក RCEP គឺមិនត្រូវបានតម្រូវឱ្យធ្វើតាមរូបមន្តឬស្តង់ដាតែមួយនោះទេ ពោលគឺគោរពភាព ខុសប្លែកគ្នានៃប្រទេសនីមួយៗ ហើយស្វែងរកចំណុចប្រសព្វគ្នា នៃផលប្រយោជន៍រួម ។

ក្នុងន័យនេះ ការចរចាដើម្បីឈានដល់ការអនុវត្ត កិច្ចព្រមព្រៀងនេះមិនមែនជារឿង ងាយស្រួលឡើយ ពោលគឺចាប់ពីការចរចាលើកដំបូងនៅខែឧសភា ឆ្នាំ ២០១៣ រហូតដល់ការចុះហត្ថលេខាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ ២០២០ ការចរចាបានដំណើរ ការអស់រយៈពេលជាង ៨ ឆ្នាំ ។ ប៉ុន្តែទោះជាមានការលំបាកខ្លាំង យ៉ាងណាក្តី ក៏រដ្ឋសមាជិកបម្រុងនានា បានធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការចរចាដើម្បីមូលមតិគ្នា ។

ពាក្យចាស់ពោលថា «នឿយមុនស្រណុកក្រោយ» ។ ក្រោមកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងដ៏ស្អិតល្មួតនៃភាគីនានា កិច្ចព្រមព្រៀងមួយ ដែលបង្កើតបានជាតំបន់ពាណិជ្ជកម្ម សេរីធំបំផុត លើពិភពលោកបច្ចុប្បន្ន ពោលគឺ គ្របដណ្តប់ចំនួនប្រជាជន ៣០% នៃពិភពលោក មានទំហំសេដ្ឋកិច្ចស្មើ នឹង ៣០% នៃពិភពលោក និងមានទំហំពាណិជ្ជកម្មស្មើ នឹង ២៨% នៃពិភពលោកបានប្រសូត្រឡើង ព្រមទាំងហុចផ្លែផ្កាជាបន្តបន្ទាប់ សម្រាប់រដ្ឋសមាជិកនានា ។

នៅដើមឆ្នាំ ២០២២ វិបត្តិនយោបាយរវាងរុស្ស៊ី និងអ៊ុយក្រែនបានឡើងកម្តៅរហូតឈានដល់ការផ្ទុះជម្លោះប្រដាប់អាវុធ ។ រលកនៃជម្លោះនេះ បានជះឥទ្ធិពលដល់តម្លៃ ទំនិញពិសេស តម្លៃប្រេងកាត និងឧស្ម័នធម្មជាតិលើពិភពលោក ។ បន្ទាប់ពីនោះ ប្រទេសមួយចំនួន បានចាប់ផ្តើមប្រឈម នឹងសម្ពាធនៃអតិផរណា ។ ម៉្យាងវិញទៀត ការរីករាលដាលនៃជំងឺកូវីដ-១៩ក៏នៅមិនទាន់ចប់នោះទេ ។

កិច្ចព្រមព្រៀង RCEP ដែលប្រសូត្រឡើងក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិផ្ទួនៗបែបនេះ ត្រូវប្រឈមនឹងសម្ពាធធំ ជាងពេលណាៗទាំងអស់ ។ អាស្រ័យហេតុនេះ រដ្ឋសមាជិកនៃ RCEP បានប្រើប្រាស់ ឧត្តមភាពក្នុងតំបន់ ដោយជំរុញកិច្ចសម្រួល ពាណិជ្ជកម្មនិងការវិនិយោគជាបន្តបន្ទាប់ បូករួមជាមួយនិងការកាត់បន្ថយឬលុបចោលពន្ធគយរវាងគ្នានិងគ្នា ដែលធ្វើឱ្យទំហំនាំចេញ នាំចូលបានកើនឡើងជាលំដាប់ ។

យន្តការ RCEP បានជំរុញ ដោយមានប្រសិទ្ធភាព ចំពោះការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់គ្នា រវាងអង្គភាពសេដ្ឋកិច្ចអាស៊ី ស្តារពាណិជ្ជកម្មនិងជំនឿចិត្ត ខាងវិនិយោគក្នុង តំបន់អាស៊ី ក៏ដូចជាពង្រឹងថែមទៀត នូវភាពធន់នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ី ។ ក្នុងនោះ ក្រៅពីការសន្យា ពីការផ្តល់ភាពងាយស្រួល និងបើកទូលាយ ចំពោះការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យប្រពៃណីដូចជាពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា កម្មជាដើម រដ្ឋសមាជិក RCEP ក៏ផ្តោតសំខាន់លើការដាក់ចេញច្បាប់ ពាណិជ្ជកម្មថ្មីស្តីពីកម្មសិទ្ធិបញ្ញា ធុរកិច្ចអេឡិចត្រូនិក និងលទ្ធកម្មសាធារណៈ របស់រដ្ឋាភិបាលជាដើម ទាំងនេះជាកម្លាំងចលករដែលជួយលំ នឹងសេដ្ឋកិច្ចរបស់សមាជិក RCEP ។

ក្រៅពីនេះ ភាពបរិយាប័ន្នរបស់ RCEP ក៏បានរំលេចឡើង ជាបន្តបន្ទាប់ផងដែរ ។ កិច្ចព្រមព្រៀងនេះ បានគិតពិចារណាដល់កម្រិត អភិវឌ្ឍន៍ទីទៃគ្នារបស់រដ្ឋ សមាជិក ដោយដាក់ចេញមាត្រា អនុគ្រោះឬអន្តរកាល សម្រាប់ប្រទេសមិនសូវអភិវឌ្ឍន៍ ពោលគឺបានដាក់ចេញ យន្តការអន្តរកាលរយៈពេលប្រហែល ២០ ឆ្នាំ ដើម្បីសម្រេចបាននូវការលុបចោល ពន្ធគយជាបណ្តើរៗ ចំពោះផលិតផលនាំចូលចំនួន ៩០% ។

ប្រទេសចិនបានដើរ តួនាទីលេចធ្លោ ក្នុងការអនុវត្តកិច្ចព្រមព្រៀង RCEP ។ ជាឧទាហរណ៍ នៅឆ្នាំ ២០២២ ផ្លែឈើស្រស់ជាច្រើនមុខរបស់អាស៊ាន រួមមានផ្លែទុរេន របស់វៀតណាម ផ្លែមៀន របស់កម្ពុជា និងផ្លែផាសិនរបស់ឡាវ ជាដើមទទួលបានការអនុម័ត ឱ្យនាំចូលដែនចិនជាលើកដំបូង តាមស្តង់ដាត្រួតពិនិត្យអនាម័យនិងភូត គាមអនាម័យនិងសុវត្ថិភាព ចំណីអាហាររបស់ប្រទេសចិន នេះក៏ជាលើកដំបូងរបស់ប្រទេសចិន ដែលបានអនុម័តឱ្យប្រភេទផ្លែឈើ ស្រស់ជាច្រើនមុខរបស់បរទេស នាំចូលផ្ទាល់ទៅកាន់ប្រទេសចិន ។

តាមស្ថិតិរបស់ភាគីចិន ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ ទំហំនាំចេញនាំចូលរវាងប្រទេសចិននិងរដ្ឋសមាជិកដទៃទៀតនៃកិច្ចព្រមព្រៀង RCEP មានរហូតដល់ ១,៧ ទី្រលានដុល្លារ អាមេរិក កើនឡើង ៧,៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ហើយល្បឿនកំណើននេះ គឺលឿនជាងកំណើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងអឺរ៉ុប , ចិននិងអាមេរិកទៀតផង ។

មួយឆ្នាំកន្លងមកនេះ ការលុបបំបាត់របាំងពាណិជ្ជកម្ម រវាងរដ្ឋសមាជិក RCEP ជាបណ្តើរៗ បាននាំមកនូវភាគលាភ ចំពោះប្រទេសពាក់ព័ន្ធ ដែលក្លាយជាគំរូ នៃពាណិជ្ជកម្មសេរី របស់ពិភពលោក ។ ភាពស៊ីចង្វាក់និងបំពេញបន្ថែមគ្នារវាងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិនៃរដ្ឋសមាជិក RCEP មិនត្រឹមតែបានជួយរក្សាលំ នឹងសេដ្ឋកិច្ចក្នុងតំបន់ ដែលស្ថិតក្នុងវិបត្តិសកល ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការលំនឹង ស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោកផងដែរ ។

យើងអាចជឿជាក់បានថា ស្របនឹងការលើកកម្ពស់សមត្ថភាព អនុវត្តកិច្ចព្រមព្រៀងរបស់ រដ្ឋសមាជិកនានា កិច្ចព្រមព្រៀង RCEP នឹងមានភាពកាន់តែចាស់ទុំឡើង ដែលនឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់សម្រាប់រួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ចក្នុងតំបន់និង ពិភពលោកជាមិនខាន ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top