ព័ត៌មានអន្តរជាតិ

Update: អាល្លឺម៉ង់ បដិសេធការទាមទាររបស់ប៉ូឡូញសម្រាប់ សំណងសង្គ្រាមលោកលើកទីពីរ

ប៊ែរឡាំង៖ ក្រសួងការបរទេសប៉ូឡូញបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានច្រានចោលជាផ្លូវការនូវការទាមទារសំណងសង្គ្រាមលោកលើកទីពីរ ពីប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ ដែលប៉ាន់ស្មានថាមានចំនួន ១,៣ពាន់ពាន់លានអឺរ៉ូ (១,៤ពាន់ពាន់លានដុល្លារ)។

គណបក្សច្បាប់ និងយុត្តិធម៌របស់ប្រទេសប៉ូឡូញបានគ្រប់គ្រងបញ្ហានេះ ហើយបានជំរុញឱ្យមាន “កាតព្វកិច្ចសីលធម៌” របស់អាល្លឺម៉ង់ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National ។

កាលពីខែកញ្ញាឆ្នាំមុន ប្រទេសប៉ូឡូញ បានប៉ាន់ប្រមាណការចំណាយហិរញ្ញវត្ថុនៃការបាត់បង់សង្គ្រាមលោកលើកទីពីរថាមានចំនួន ១,៣ ពាន់ពាន់លានអឺរ៉ូ ហើយបានផ្ញើកំណត់ទូតផ្លូវការទៅកាន់ទីក្រុងប៊ែកឡាំងទាមទារសំណង។

គួរបញ្ជាក់ថា ទីក្រុងប៊ែរឡាំងបានច្រានចោលការទាមទារនេះម្តងហើយម្តងទៀត ដោយថា ប៉ូឡូញបានបដិសេធជាផ្លូវការនូវការទាមទារបែបនេះនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៥៣ ។

ក្រសួងការបរទេសប៉ូឡូញបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងទៅតាមរដ្ឋាភិបាលអាល្លឺម៉ង់ បញ្ហានៃសំណង និងសំណងសម្រាប់ការខាតបង់ក្នុងសម័យសង្គ្រាមនៅតែបិទ ហើយវាមិនមានបំណងចូលទៅក្នុងការចរចានោះទេ” ។

ក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថា ខ្លួនបានឆ្លើយតបទៅនឹងកំណត់ចំណាំពាក្យសំដីពីប្រទេសប៉ូឡូញ ចុះថ្ងៃទី០៣ ខែតុលា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ៕ប្រែសម្រួល ឈូក បូរ៉ា

To Top