ព័ត៌មានអន្តរជាតិ

ឧស្សាហកម្មសណ្ឋាគារ នៅក្នុងប្រទេសថៃ កំពុងត្រូវការបុគ្គលិកខ្លាំង ខណៈដែលអ្នកទេសចរ រាប់លាននាក់បានត្រឡប់មកប្រទេសថៃវិញ

បរទេស៖ ឧស្សាហកម្មសណ្ឋាគា រនៅក្នុងប្រទេសថៃកំពុងស្វែងរកពលករចំណាកស្រុក ដើម្បីជួយសម្រាលការខ្វះខាតបុគ្គលិក ខណៈដែលអ្នកទេសចររាប់លាននាក់ បានត្រឡប់មកប្រទេសថៃវិញ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Marisa Sukosol Nunbhakdi ប្រធានសមាគមសណ្ឋាគារថៃ (THA) បានអំពាវនាវឱ្យរដ្ឋាភិបាលបន្ធូរបន្ថយច្បាប់ដែលមានស្រាប់ ដើម្បីបង្កភាពងាយស្រួលដល់ពលករចំណាកស្រុកក្នុងការធ្វើការក្នុងឧស្សាហកម្មសណ្ឋាគារ ដើម្បីជួយសម្រាលការខ្វះខាតកម្លាំងពលកម្ម។

លោកស្រីបានស្នើថា អនុស្សរណៈនៃការយោគយល់គ្នារបស់រដ្ឋាភិបាលថៃជាមួយប្រទេសជិតខាងអនុញ្ញាតឱ្យមានមុខតំណែងបន្ថែមទៀតដែលពលករចំណាកស្រុកអាចជួលបាន ងាយស្រួលជួលជនចំណាកស្រុក និងអនុញ្ញាតឱ្យជនបរទេសកាន់តែច្រើនធ្វើការក្នុងឧស្សាហកម្មសណ្ឋាគារ។

បច្ចុប្បន្ននេះ ប្រទេសថៃមាន MoU ស្តីពីពលករចំណាកស្រុកជាមួយមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ THA ចង់ឱ្យកិច្ចព្រមព្រៀងបែបនេះគ្របដណ្តប់ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ឥណ្ឌា និងចិន។ ជាមួយគ្នានេះ THA បានជំរុញឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវ MoU ដើម្បីអនុញ្ញាតឱ្យជនបរទេសធ្វើការនៅការិយាល័យខាងមុខ ដែលឥឡូវនេះត្រូវបានបម្រុងទុកសម្រាប់តែជនជាតិថៃប៉ុណ្ណោះ៕

To Top