ព័ត៌មានអន្តរជាតិ

កងកម្លាំង​អាមេរិក បញ្ជូន​រថយន្ត​ដឹក​ប្រេង​ស៊ីរី​ ចំនួន ៦០ គ្រឿង​ទៅ​អ៊ីរ៉ាក់

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្តដឹកទំនិញស៊ីរីសរុបចំនួន ៦០គ្រឿងទៅកាន់មូលដ្ឋានរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធម្សិលមិញនេះ។

សារព័ត៌មាន SANA បានកត់សម្គាល់ថា ការដឹកជញ្ជូននាពេលថ្មីៗនេះ គឺជាខ្សែចុងក្រោយបំផុតនៃការលួចប្រេងរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីខែធ្នូ ក្រសួងការបរទេសស៊ីរី បានប៉ាន់ប្រមាណនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ដែលបណ្តាលមកពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅលើដីរបស់ខ្លួនមានចំនួន ១១១,៩ពាន់លានដុល្លារ។

ការខាតបង់ដោយផ្ទាល់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២៥,៩ ពាន់លានដុល្លារ ១៩,៨ ពាន់លានដុល្លារពីការលួចប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក ការខូចខាត ៣,២ ពាន់លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និង ២,៩ ពាន់លានដុល្លារនៃការខូចខាតដល់កន្លែងប្រេង និងឧស្ម័ន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ទន្ទឹមនឹងនេះ ក្រសួងបានដាក់ការខាតបង់ដោយប្រយោលចំនួន ៨៦ ពាន់លានដុល្លារ។ ក្រសួងបានកត់សម្គាល់ថា “កងកម្លាំងកាន់កាប់របស់អាមេរិក និងកងជីវពល ដែលជាប់ពាក់ព័ន្ធជាមួយវាបន្តការលួចរៀបចំរបស់ពួកគេនូវប្រេង ស្រូវសាលី និងធនធានមូលដ្ឋានផ្សេងទៀត និងទ្រព្យសម្បត្តិជាតិរបស់ប្រជាជនស៊ីរី”៕ប្រែសម្រួល ឈូក បូរ៉ា

To Top