ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា ប្រកាសទទួលស្វាគមន៍ចំពោះទេសចរចិន មកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ខណៈកម្ពុជាត្រៀមរួចជាស្រេច ក្នុងការទទួលទេសចរចិន ក៏ដូចជា ទេសចរអន្តរជាតិផ្សេងៗទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេស គឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ឋសាស្ត សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាព ខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។
ក្រសួង បន្ដថា មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយ ទេសចរណ៍ ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្នើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ាន ក៏ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង ២២,៥% នៃទេសចរពិភពលោក ដែលក្នុងនោះថៃទទួលបាន ១១លាននាក់, សិង្ហបូរីទទួលបាន ៣,៤លាននាក់ និងម៉ាឡេស៊ីទទួលបាន ៣,១ លាននាក់។
ដោយឡែក ទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៩ មានជាង ២,៣លាន នាក់ ស្មើនឹង ៣៥, ៧% នៃទេសចរអន្តរជាតិសរុប (៦,៦ លាននាក់) គិតជាចំណូលស្មើប្រមាណ ១ ៨០០លានដុល្លារអាមេរិច លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែល ឆ្នាំ២០១៩ កម្ពុជាក៏ទទួល បានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI)សរុបរបស់កម្ពុជា។
ក្រសួង បន្ថែមថា ប៉ុន្តែ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារ ទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅ ទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក ប្រទេសរបស់ចិន។ សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ បានផ្ដល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅ លើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា “កម្ពុជាមានសេចក្ដីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែក សុខាភិបាល ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជា ទេសចរអន្តរជាតិផ្សេងៗទៀត”៕