ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ថាទាហានរុស្ស៊ីប្រហែល ៨០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ

គៀវ៖ យោងតាមការប៉ាន់ស្មានរបស់យោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីប្រហែល ៨០០នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាថា នឹងបំពាក់រថពាសដែកបន្ថែមទៀត ប៉ុន្តែមិនមែនរថក្រោះ ដែលខ្លួនចង់បាននោះទេ។

យោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីភាគច្រើនបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

ប្រភពបានឲ្យដឹងថាទីក្រុងម៉ូស្គូ ក៏បានបាត់បង់យន្តហោះមួយគ្រឿង ឧទ្ធម្ភាគចក្រ និងរថក្រោះបីគ្រឿងផងដែរ។ ភាគីអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានផ្តោតលើការវាយលុកនៅក្នុងផ្នែក Bakhmut ហើយការវាយ ប្រហាររបស់ខ្លួននៅក្នុងតំបន់ Avdiivka និង Kupiansk មិនបានជោគជ័យនោះទេ។

ប្រភពក៏បានរាយការណ៍ផងដែរអំពីចំនួនជនស៊ីវិល ដែលបាត់បង់ជីវិតដោយសារការវាយប្រហារតាមអាកាស កាំជ្រួច និងរ៉ុក្កែតរបស់រុស្ស៊ីទៅលើទីក្រុង Bakhmut ដែលគ្រប់គ្រងដោយអ៊ុយក្រែន និងទីក្រុងពីរផ្សេងទៀតនៅក្នុងតំបន់ Donetsk គឺ Kostiantynivka និង Kurakhove ។

គួរបញ្ជាក់ថា រុស្ស៊ី​បដិសេធ​ការ​កំណត់​គោលដៅ​ជន​ស៊ីវិល​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​នៅ​អ៊ុយក្រែន ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកដល់ពេលនេះមានរយៈពេលជាង ១០ខែមកហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top