បរទេស៖ ស្តេចគ្រឿងញៀនម៉ិកស៊ិកម្នាក់ ដែលគេស្គាល់ថា ‘El Neto’ ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុងព្រំដែន Juarez បួនថ្ងៃបន្ទាប់ពីការហែកគុករត់ ដ៏បង្ហូរឈាមដែលបង្កឱ្យមាន ការតាមប្រមាញ់របស់ប៉ូលីស និងយោធានៅទូទាំងភាគខាងជើង រដ្ឋChihuahua។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា អភិបាលរដ្ឋ Chihuahua លោក Maru Campos បានប្រកាសថា ‘El Neto’ ដែលមានឈ្មោះពិតគឺ Ernesto Alfredo Pinon de la Cruz ត្រូវបានតាមដានទៅដល់ទីក្រុង Juarez របស់ម៉ិកស៊ិក ដោយក្រុមស៊ើបការណ៍សម្ងាត់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។
បន្ទាប់ពីការបាញ់ប្រហារជាមួយ កងកម្លាំងសន្តិសុខម៉ិកស៊ិក នៅផ្ទះសុវត្ថិភាពរបស់លោក ‘El Neto’ បានបើករថយន្តគេចខ្លួន តាមរថយន្តការពារគ្រាប់ម៉ាក BMW ហើយក៏បុកនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ និងបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការប៉ះទង្គិចគ្នាជាមួយមន្ត្រី ។
El Neto គឺជាអ្នកដឹកនាំក្រុម ‘Los Mexicles’ ដែលជាក្រុមក្មេងទំនើងតាមដងផ្លូវ ដែលមានទំនាក់ទំនងជាមួយ Joaquin ‘El Chapo’ Guzman’s Sinaloa Cartel ។ ទោះបីជាមានមូលដ្ឋាននៅទីក្រុង Juarez ក៏ដោយ ក្រុមទំនើងនេះត្រូវបានបង្កើតឡើង ដោយអ្នកទោសម៉ិកស៊ិក នៅក្នុងប្រព័ន្ធពន្ធនាគាររបស់ សហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ។
សូមជម្រាបថា ស្តេចគ្រឿងញៀន El Neto ត្រូវបានកាត់ទោសឱ្យជាប់គុក ២២៤ ឆ្នាំ ក្នុងឆ្នាំ២០១០ ពីបទចាប់ជំរិត និងមនុស្សឃាត។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានបំបែកចេញពីកន្លែង Juarez នៅថ្ងៃចូលឆ្នាំសកល បន្ទាប់ពីខ្មាន់កាំភ្លើងបើករថយន្តការពារគ្រាប់ បានសម្រុកចូលបរិវេណនោះ ដោយបានសម្លាប់អ្នកយាម និងអ្នកទោស ១៧ នាក់។ អ្នកទោសចំនួន២៩ នាក់ផ្សេងទៀតបានរត់គេចខ្លួនជាមួយថៅកែ Mexicles ៕
ប្រែសម្រួលៈ ណៃ តុលា