ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បេះដូងដែកលោក ហ្សេឡិនស្គី ច្រានចោលការប្រកាសបទឈប់បាញ់របស់លោក ពូទីន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅអ៊ុយក្រែននៅមុនថ្ងៃបុណ្យគ្រិស្តអូស្សូដក់ ដែលធ្វើតាមសំណើរបស់មេដឹកនាំខាងវិញ្ញាណរបស់រុស្ស៊ីលោកអយ្យកោ Kirill ។

លោក ហ្សេឡិនស្គី បានហៅបទឈប់បាញ់បណ្តោះអាសន្នថាជាល្បិចមួយក្នុងគោលបំណងបញ្ឈប់ការរីកចំរើនរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ដុនបាសភាគខាងកើត ខណៈដែលរុស្ស៊ីនាំយកកងទ័ពបន្ថែមទៀត។

វិមានក្រឹមឡាំងបានឲ្យដឹងថា បទឈប់បាញ់រយៈពេល ៣៦ ម៉ោងចាប់ផ្តើមនៅថ្ងៃត្រង់នៅថ្ងៃទី០៦ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោក ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បើកចំហចំពោះកិច្ចចរចាសន្តិភាពរុស្ស៊ី ប៉ុន្តែនៅលើលក្ខខណ្ឌរបស់អ៊ុយក្រែន។ ដោយនិយាយជាភាសារុស្សី ដើម្បីថ្លែងទៅកាន់វិមានក្រឹមឡាំង និងប្រជាជនរុស្ស៊ី លោក ហ្សេឡិនស្គី បានលើកឡើងថា ទីក្រុងមូស្គូ បានព្រងើយកន្តើយនឹងផែនការសន្តិភាពផ្ទាល់ខ្លួនរបស់ទីក្រុងគៀវ ម្តងហើយម្តងទៀត។ លោក​បាន​បន្ដថា សង្គ្រាម​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ដែល​ទាហាន​រុស្ស៊ី​ចេញ​ពី​អ៊ុយក្រែន។

លោកបានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់គាត់ថា “ឥឡូវនេះពួកគេចង់ប្រើបុណ្យណូអែលជាគម្របមួយ ទោះបីជាយ៉ាងខ្លីក៏ដោយ ដើម្បីបញ្ឈប់ការជឿនលឿនរបស់ក្មេងប្រុសរបស់យើងនៅតំបន់ដុនបាស និងនាំយកឧបករណ៍ គ្រាប់រំសេវ និងកងទាហានមកជិតទីតាំងរបស់យើង”៕ប្រែសម្រួល ឈូក បូរ៉ា

To Top