ព័ត៌មានអន្តរជាតិ

ការនាំចេញរថយន្តអគ្គិសនីរបស់ចិន បានកើនឡើងខ្ពស់បំផុតលើតម្រូវការនៅអឺរ៉ុប

បរទេស៖ ការនាំចេញរថយន្តអគ្គិសនីពីប្រទេសចិនបានកើនឡើងជិត៣ដងក្នុងខែវិច្ឆិកា ដែលជំរុញដោយការបញ្ជាទិញយ៉ាងច្រើនពីអឺរ៉ុប។ នេះបើតាមសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យគយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺក្រុមហ៊ុនផលិតរបស់ចិនបាននាំចេញរថយន្តអគ្គិសនី (EV) មានតម្លៃ ៣,២ពាន់លានដុល្លារក្នុងខែវិច្ឆិកា ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេលមួយខែ កើនឡើង ១៦៥ភាគរយ ពីខែវិច្ឆិកា ឆ្នាំ ២០២១។ ទិន្នន័យក៏បានបង្ហាញផងដែរថា ៧០ភាគរយ នៃការចែកចាយត្រូវបានកំណត់សម្រាប់អឺរ៉ុប ជាពិសេសនៅប្រទេសបែលហ្ស៊ិក និងអង់គ្លេស។

រថយន្តអ្នកដំណើរអគ្គិសនីបានបង្កើតបានជាងពាក់កណ្តាលនៃការនាំចេញរថយន្តសរុបរបស់ប្រទេសចិន ទាំងនៅក្នុងខែវិច្ឆិកា និងខែតុលា ដោយការដឹកជញ្ជូននៅខែវិច្ឆិកាបានកើនឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ ៦ ពាន់លានដុល្លារ។

ក្រុមអ្នកវិភាគនិយាយថា ការកើនឡើងនៃការនាំចេញរថយន្ត EV ដែលផលិតនៅប្រទេសចិនបានកើតឡើង នៅពេលដែលក្រុមហ៊ុនផលិតរថយន្តលោកខាងលិចផ្លាស់ប្តូរការផលិតរបស់ពួកគេពីទីផ្សារក្នុងស្រុកទៅកាន់ប្រទេសចិនដោយសារតែសមត្ថភាពមានកម្រិតនៅក្នុងស្រុក។ ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននាំចេញរថយន្តជាង ៣៧ ០០០ គ្រឿងពីប្រទេសចិនក្នុងខែវិច្ឆិកា កើនឡើងពី ៦០ គ្រឿងក្នុងខែមីនា។

យោងតាមការសិក្សាដោយក្រុមហ៊ុនប្រឹក្សា PricewaterhouseCoopers នៅឆ្នាំ ២០២៥ រថយន្តដែលផលិតដោយចិនរហូតដល់ ៨០០ ០០០ គ្រឿងអាចត្រូវបានលក់នៅអឺរ៉ុប ដែលភាគច្រើនជារថយន្តអគ្គិសនី៕ប្រែសម្រួលៈ ណៃ តុលា

To Top