បរទេស៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនមិនគោរព បទឈប់បាញ់បុណ្យណូអែល ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តិចជាងមួយនាទីបន្ទាប់ពី បទឈប់បាញ់នេះបានចូលជាធរមាន ដោយការបាញ់ផ្លោងតំបន់លំនៅដ្ឋាន មួយនៅក្នុងទីក្រុង Donetsk នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។ បទឈប់បាញ់ត្រូវអូសបន្លាយ ពីថ្ងៃត្រង់ថ្ងៃទី៦ មករា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៧ មករា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃសុក្រ មជ្ឈមណ្ឌលរួមសម្រាប់ការគ្រប់គ្រង និងសម្របសម្រួល (JCCC) ដែលជាក្រុមតាមដានការវាយប្រហារលើតំបន់ Donbass របស់រុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាញ់ផ្លោងចំនួន ៦គ្រាប់ទំហំ ១៥៥ មីលីម៉ែត្រ តម្រង់ទៅលើសង្កាត់ Petrovsky នៅភាគខាងលិចនៃទីក្រុង ប៉ុន្តែគ្មានអ្នកស្លាប់ត្រូវបាន គេរាយការណ៍ឡើយ ។
អ៊ុយក្រែនបានធ្វើវាយប្រហារពី ដែនអាកាសតិចជាងមួយនាទី បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន យោងតាម JCCC ដោយបន្ថែមថា កន្លះម៉ោងក្រោយមក ការវាយប្រហារតាមអាកាសមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដូចគ្នាជាមួយនឹងគ្រាប់ ១៥៥មីលីលីត្រ។
សូមជម្រាបថា នៅថ្ងៃសុក្រ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទោះបីជាមានការអនុលោម ដោយកងកម្លាំងរបស់ទីក្រុងមូស្គូ ជាមួយនឹងបទឈប់បាញ់ក៏ដោយ “របបក្រុងគៀវនៅតែបន្តការវាយប្រហារ ដោយកាំភ្លើងធំលើការតាំងទីលំនៅ និងទីតាំងរបស់កងទ័ពរុស្ស៊ី”។ ក្រសួងបានបន្ថែមថា កងកម្លាំងរុស្ស៊ីបានបង្ក្រាបទីតាំង កាំភ្លើងធំជាច្រើនរបស់អ៊ុយក្រែន ដែលបានចូលរួមក្នុងការបាញ់ផ្លោង នៅតាមជួរមុខទាំងមូល ៕
ប្រែសម្រួលៈ ណៃ តុលា