បរទេស ៖ មន្ត្រីមូលដ្ឋានជាន់ខ្ពស់មួយរូប បាននិយាយថា ស្ទើរតែ ៩០ ភាគរយ នៃប្រជាជននៅក្នុងខេត្ត ដែលមានប្រជាជន ច្រើនជាងគេទីបី របស់ប្រទេសចិន ឥឡូវនេះ បានឆ្លងមេរោគ Covid-19 ខណៈដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើង ដែលមិនធ្លាប់មានពីមុនមក។
យោងតាមសារព័ត៌មាន The Guadian ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kan Quncheng ប្រធានគណៈកម្មការ សុខាភិបាលខេត្ត Henan បានប្រាប់សន្និសីទសារព័ត៌មានថា “គិតត្រឹមថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ អត្រាឆ្លងមេរោគ Covid របស់ខេត្តគឺ ៨៩ភាគរយ” ។
ជាមួយនឹងចំនួនប្រជាជន ៩៩,៤ លាននាក់ តួលេខនេះបង្ហាញថាមនុស្សប្រហែល ៨៨,៥ លាននាក់នៅក្នុងខេត្ត Henan ឥឡូវនេះប្រហែល ជាបានឆ្លងជំងឺនេះ។
លោក Kan បាននិយាយថា ប្រជាជន ដែលបានទៅជួបគ្លីនិកដោយសារតែកើតជំងឺគ្រុនក្តៅ បានឡើងដល់កំពូលនៅថ្ងៃទី ១៩ ខែធ្នូ “បន្ទាប់ពីនោះវាបង្ហាញពីនិន្នាការ ធ្លាក់ចុះជាបន្តបន្ទាប់” ។
ការបើកព្រំដែន របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យគឺជាជំហានចុងក្រោយមួយ ក្នុងការរុះរើ គោលការណ៍ សូន្យ-Covid របស់ប្រទេសនេះ ដែលបានចាប់ផ្តើមកាលពីខែមុន បន្ទាប់ពីការតវ៉ាជាប្រវត្តិសាស្ត្រ និងបាននាំ ឱ្យមានរលកនៃការឆ្លងជំងឺដ៏ច្រើន៕